ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ពីភាពចាំបាច់ដែលកម្ពុជា ត្រូវតែគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ស្របពេលដែលការការពារអធិបតេយ្យនិងបូរណភាពទឹកដីនៅតែបន្ត ដោយបង្វែរពីសមរភូមិប្រដាប់អាវុធមកជាសមរភូមិការទូតវិញ និងកិច្ចពិភាក្សាគ្នារកដំណោះស្រាយដោយសន្ដិវិធី។

នៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន បូណា បានគូសរំលេចពីតម្លៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលតម្រូវឱ្យមានការអត់ធ្មត់ ស្ងប់ស្ងៀមកុំឱ្យមានការផ្ទុះអាវុធ តែសកម្មខ្លាំងផ្នែកការទូត។
ឯកឧត្ដមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនជាថ្មីថា កិច្ចព្រមព្រៀងបទឈប់បាញ់ កើតឡើងដោយសារតែគំនិតផ្ដួចផ្ដើម និងការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ ប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្ដម ដូណាល់ត្រាំ តាមរយៈកិច្ចប្រជុំពិសេសនៅទីក្រុងភូត្រាច៉ៃយ៉ា ដែលមានប្រទេសម៉ាស៊ី នៅក្នុងនាមជាប្រធានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះ ហើយនិងមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានមក រាល់វិនាទី រាល់នាទី រាល់ម៉ោង និងរាល់ថ្ងៃ យើងអាចទប់ស្កាត់បានមិនឱ្យមានមនុស្សស្លាប់ មិនឱ្យមានរបួស មិនឱ្យមានការខូចខាតថ្មីៗទៀត ទាំងផ្នែកយោធា និងស៊ីវិល។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាល ខិតខំគោរពកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ព្រោះថ្នាក់ដឹកនាំរបស់យើងផ្ដល់តម្លៃខ្ពស់ដល់ជីវិតមនុស្ស និងសុខសន្ដិភាព សម្រាប់ប្រទេសជាតិ និងជីវិតពលរដ្ឋ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលមិនដែលធ្វេសប្រហែសសូម្បីមួយវិនាទីឡើយ ចំពោះការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
ឯកឧត្ដម កត់សម្គាល់ថា នៅពេលបទឈប់បាញ់បានចូលជាធរមាន ការផ្ទុះអាវុធមិនមែនជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាទៀតឡើយ។ ផ្ទុយទៅវិញ បើមានការផ្ទុះអាវុធជាយថាហេតុណាមួយកើតឡើង ភាគីដែលបង្កនឹងក្លាយជាអ្នកបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់ បំផ្លាញសន្ដិភាព និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងលើផ្នែកការទូតទាំងឡាយដែលបានធ្វើកន្លងមក ហើយមិនត្រឹមតែបាត់បង់ការគាំទ្រពីអន្ដរជាតិប៉ុណ្ណោះទេ តែប្រទេសនោះនឹងត្រូវគេដាក់ឱ្យទទួលខុសត្រូវចំពោះសោកនាដកម្មនានាដែលកើតឡើង៕

