ម៉ិកស៊ិក ស្នើឲ្យអាមេរិក ចែករំលែកទឹកប្រាក់ ១៥ពាន់លានដុល្លារ ដែលរឹបអូសបានពីមេក្លោងគ្រឿងញៀន

អន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum កាលពីពេលថ្មីៗនេះ បានស្នើសុំឲ្យសហរដ្ឋអាមេរិក ចែករំលែកទឹកប្រាក់ចំនួន ១៥ពាន់លានដុល្លារដែលរឹបអូសបានពីមេក្លោងគ្រឿងញៀន Sinaloa ទៅកាន់ជនក្រីក្រនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sheinbaum បាននិយាយប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២៧ ខែសីហាថា៖” ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងយកលុយពីមេក្លោងគ្រឿងញៀន Zambada នោះយើងនឹងទាមទារឲ្យមានការចែករំលែកវាទៅឲ្យប្រជាជនក្រីក្របំផុត នៅក្នុងប្រទេសម៉ិកស៊ិក”។

គួរឲ្យដឹងថា មេក្លោងគ្រឿងញៀន Ismael “El Mayo” Zambada វ័យ ៧៧ឆ្នាំ បានសារភាពកំហុស នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែសីហា ដោយយល់ព្រមរឹបអូសទ្រព្យសម្បត្តិសរុបប្រមាណ ១៥ពាន់លានដុល្លារ។ Zambada បានបង្កើតក្រុមជួញដូរគ្រឿងញៀនមួយ ឈ្មោះថា Sinaloa ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏ឃោរឃៅ និងមានឥទ្ធិពលបំផុតមួយរបស់ពិភពលោក ដោយពួកគេធ្វើប្រតិបត្តិការ ទាំងនៅក្នុងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

ជម្រាបជូនផងដែរថា​បន្ទាប់ពីជាងពីរទសវត្សនៃការតាមចាប់ខ្លួន ដោយសហរដ្ឋអាមេរិក Zambada ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៥ ខែកក្កដា នៅពេលដែលរូបលោកបានចុះចតនៅព្រលានយន្តហោះ ក្នុងទីក្រុង El Paso រដ្ឋតិចសាស់ នៅលើយន្តហោះឯកជនជាមួយ បន្ទាប់មកធ្វើបត្យាប័នទៅកាន់ទីក្រុងញូវយ៉ក សម្រាប់ការកាត់ទោស៕