ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចគោលដៅបាន១០ពាន់លានដុល្លារក្នុង១ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-វៀតណាម សម្រេចបានគោលដៅ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ តាមរយៈការនាំទំនិញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាជាមួយ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការស្វាគមន៍ចំចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម។ លោកបានចាត់ទុកដំណើររបស់គណៈប្រតិភូកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ ស្អិតរមួតរវាងកម្ពុជា និងវៀតណាមនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលេចអំពីភាពរីកចម្រើននៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលសម្រេចបានគោលដៅ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ នៃការនាំទំនិញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន២០ពាន់លានដុល្លារ ក្នុងពេលខាងមុខ។

សម្ដេចតេជោ ក៏បានអរគុណវៀតណាមដែលបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងក្នុងវិស័យសេដ្ឋកិច្ច វិស័យយោធា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ។

តាមរយៈជំនួបពិភាក្សាខាងលើ សភាវៀតណាម បានសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា ដោយបានកត់សម្គាល់ឃើញពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើន ដែលកន្លងមក កម្ពុជាបានឆ្លងកាត់និងការលំបាកជាបន្តបន្ទាប់ តែពេលនេះកម្ពុជាបានផ្លាស់ប្ដូរ ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ហ្សាលីន