បាំងមួយសប្តាហ៍ទៀតប៉ុណ្ណោះ! អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F នឹងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

នៅតែសល់តែរយៈពេល៧ថ្ងៃទៀតប៉ុណ្ណោះ ពោលនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានដ៏ធំមិនធ្លាប់មាននៅកម្ពុជា នឹងបើកដំណើរការសាកល្បង ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទីមកកាន់ព្រលានដ៏ធំមួយនេះក្នុងដែនដីសុវណ្ណភូមិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ  និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី និងជាអាកាសយានដ្ឋានអន្តរជាតិ ជាប់ឈ្មោះជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ ទទួលភ្ញៀវទេសចរ និងធុរជនជាតិនិងអន្តរជាតិ ពីគ្រប់ទិសទីនៅលើពិភពលោក។

អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ សម្រាប់ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ ក្នុងឆ្នាំ២០២៥ ដោយផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។

សូមបញ្ជាក់ថា ព្រលានយន្តហោះនេះជាព្រលានខ្នាតធំមិនធ្លាប់មាននៅកម្ពុជា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) ដែលឈរជើងប្រតិបត្តិការទទួលអ្នកអ្នកដំណើរចេញ-ចូលកម្ពុជាជិត៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៩មក នឹងគ្រោងបិទទ្វានៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕