អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប កាលពីពេលថ្មីៗនេះ បានបង្ហាញរូបរាងស្ថានីយថ្មីរបស់ PEACE Petroleum Cambodia នៅរង្វង់មូលសាយភូថង ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុទុមសាគរ ខេត្តកោះកុង។

តាមរយៈបង្ហាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហាញរូបភាព និងសារបែបនេះថា៖ “នេះជារូបរាងនៃស្ថានីយថ្មីរបស់ PEACE Petroleum Cambodia ដែលកំពុងត្រៀមបង្ហាញខ្លួននៅ សាយភូថង! រចនាបថថ្មី ស្តង់ដាគុណភាពថ្មី អារម្មណ៍ថ្មីៗ! ជួបគ្នាឆាប់ៗនេះណា”។
អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់កាលថ្ងៃទី២៨ ខែសីហា ថាបច្ចុប្បន្ននេះ ស្ថានីយប្រេងឥន្ធនៈដែលបានផ្លាស់ប្ដូរជាផ្លូវការមកជាស្ថានីយ PEACE មានចំនួនសរុប ៣៥ ស្ថានីយ។ រីឯស្ថានីយផ្សេងទៀត ដែលមិនបានផ្លាស់ប្ដូរ ជាការសម្រេចចិត្តផ្ទាល់របស់ម្ចាស់ស្ថានីយនីមួយៗ មិនពាក់ពន្ធ័អ្វីឡើយជាមួយ PEACE Petroleum Cambodia។ ចំពោះអ្នកដែលចូលជាមួយ PEACE PETROLEUM CAMBODIA គឺមានស្លាកបដាចំពីមុខការ៉ាសតែម្តង។
សូមជម្រាបថា ស្ថានីយថ្មីរបស់ PEACE Petroleum Cambodia ត្រៀមសហការជាមួយក្រុមហ៊ុនប្រេងធំ ExxonMobil របស់អាម៉េរិក លើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ បើតាមលោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាល PEACE Petroleum Cambodia បានបង្ហើបថា ស្ថានីយថ្មីរបស់ PEACE អាចនឹងសហការជាមួយ Tube Coffee ផងដែរ៕







