អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងគណៈគ្រប់គ្រងធនាគារវីង នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញទទួលដំណើរ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានដឹកនាំគណៈប្រតិភូ នៃក្រសួងមុខងារសាធារណៈ អញ្ជើញទស្សនកិច្ច នៅអគារធនាគារ «វីង»។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញជូនពីវឌ្ឍនភាពរបស់ធនាគារ វីង និងអគារធនាគារ វីង ដែលបានប្រែក្លាយធនាគារ វីង ជាធនាគារក្នុងស្រុកមួយ បានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ជូនដល់គណៈប្រតិភូ ព្រមទាំងសូមគោរពជូនពរ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងគណៈប្រតិភូ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចផងដែរ។
សូមជម្រាបថា ធនាគារ វីង ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន The Royal Group ដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយកប្រតិបត្តិ។ ធនាគារនេះមានចក្ខុវិស័យក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ឱ្យប្រជាជនកម្ពុជាគ្រប់រូប បានងាយស្រួល និងធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង ចាប់តាំងពីឆ្នាំ២០០៨។ ចំពោះអគារធនាគារវីងថៅវើ ត្រូវបានរចនាឡើង ដោយមានការគិតគូរ ពីនិរន្តភាពនៅលើផ្ទៃអគារទាំងមូល ដោយប្រើប្រាស់ផ្ទៃជញ្ជាំងកញ្ចក់ដ៏ទំនើប ដោយបំពាក់កញ្ចក់ពីរផ្នត់ផ្អឹបជាប់គ្នា ដែលអាចឲ្យពន្លឺធម្មជាតិ អាចជះចូលបានយ៉ាងគ្រាប់គ្រាន់ទៅក្នុងអគារ និងអាចកាត់បន្ថយកម្តៅ បានយ៉ាងល្អប្រសើរ៕







