លោក ត្រាំ ថាគ្មានគម្រោងទម្លាក់ពន្ធលើការនាំចូលរបស់ប្រទេសឥណ្ឌានោះឡើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនពិចារណាទម្លាក់ពន្ធគយលើការនាំចូលពីប្រទេសឥណ្ឌានោះទេ ពោលគឺបន្ទាប់ពីមួយសប្តាហ៍ ក្រោយអាមេរិកសម្រេចដំឡើងពន្ធទ្វេដងលើទំនិញរបស់ឥណ្ឌា ដល់ ៥០% ដែលជាការដាក់ទណ្ឌកម្មចំពោះការបន្តទិញចូលប្រេងពីរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលត្រូវបានសួរនាំដោយអ្នកសារព័ត៌មានថា តើលោកកំពុងពិចារណាដកពន្ធមួយចំនួនដែលដាក់លើឥណ្ឌាដែរឬទេ ខណៈលោក ត្រាំ បានឆ្លើយតបវិញថា “ទេ”។

ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយបន្ថែមទៀតថា៖”​ យើងចុះសម្រុងជាមួយឥណ្ឌាបានយ៉ាងណាល្អ ប៉ុន្តែពួកគេបែជាគិតពន្ធខ្ពស់លើយើង។ វាហាក់ជាទំនាក់ទំនងតែម្ខាង”។

គួរឲ្យដឹងថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសឥណ្ឌាបានកើតឡើង បើទោះបីជាមានការចរចាជាច្រើនខែរវាងរដ្ឋាភិបាលទីក្រុង New Delhi និង Washington ក៏ដោយ ខណៈបានធ្វើឲ្យមន្ត្រីក្នុងប្រទេសតំបន់អាស៊ីមួយនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជម្រាបជូនថា ដំបូងឡើយ លោក ត្រាំ បានកំណត់ពន្ធ ២៥% លើការនាំចេញរបស់ឥណ្ឌា ប៉ុន្តែបានបង្កើនកម្រិតនោះទ្វេដងដល់ ៥០% កាលពីសប្តាហ៍មុន ដែលជាការដាក់ទណ្ឌកម្មសម្រាប់ការទិញប្រេងពីរុស្ស៊ី។ ការយកពន្ធទាំងនោះបានប៉ះពាល់ដល់ច្រើនជាង ៥៥% នៃទំនិញដែលត្រូវបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក ដែលត្រូវបានចាត់ទុកថាជាទីផ្សារដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា៕