វេទិកាជាតិគណនេយ្យឆ្នាំ២០២៥ បង្ហាញពីឆន្ទៈកម្ពុជាក្នុងការលើកស្ទួយស្តង់ដាររបាយការណ៍ចីរភាពនិងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល

សង្គម​ និង​សេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារមានប្រសាសន៍នៅថ្ងៃទី៤ខែកញ្ញានេះថា ការប្រារព្ធវេទិកាជាតិគណនេយ្យក្រោមប្រធានបទសុខដុមនីយកម្មបទប្បញ្ញត្តិ “ការរាយការណ៍ព័ត៌មានចីរភាព និង របាយការណ៍ហិរញ្ញវត្ថុឌីជីថល” នាថ្ងៃ នេះ គឺជាការបង្ហាញពីឆន្ទៈមោះមុត របស់កម្ពុជា ក្នុងការលើកស្ទួយស្តង់ដារបាយការណ៍ព័ត៌មានចីរភាព និង របាយការណ៍ហិរញ្ញវត្ថុឌីជីថល ដូចមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, ជាពិសេស បញ្ចកោណទី ៤ ស្តីពី ការអភិវឌ្ឍប្រកប ដោយភាពធន់, ចីរភាព, និង បរិយាបន្ន, និង បញ្ចកោណទី ៥ ស្តីពី ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក បានសង្កត់ធ្ងន់ថា “ទិវានេះ គឺជាឱកាសដ៏ពិសិដ្ឋ ក្នុងវិស័យគណនេយ្យ និង សវនកម្ម ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីចែករំលែកនូវព័ត៌មាន ដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗ ក្នុងវិស័យគណនេយ្យ និង សវនកម្ម, ទាំងក្នុងក្របខណ្ឌជាតិ, តំបន់, និង សកលលោក, ព្រមទាំង ដើម្បីផ្តល់ឱកាសដល់ អ្នកចូលរួម អាចពិភាក្សា, ផ្លាស់ប្តូរមតិយោបល់នានា, និង លើកឡើងនូវចក្ខុវិស័យជាយុទ្ធ-សាស្ត្ររួម សំដៅជំរុញចលនការនៃវិស័យគណនេយ្យ និង សវនកម្ម នៅកម្ពុជា ឲ្យមានសម្ទុះកាន់តែខ្លាំងឡើងបន្ថែមទៀត” ។

លោកបន្តទៀតថា វេទិកានេះ ក៏ជាការបញ្ជាក់អំពីការ-ផ្លាស់ប្តូរជាសារវន្តនៃស្តង់ដា ក្នុងការរាយការណ៍ព័ត៌មានចីរភាព និង របាយការណ៍ហិរញ្ញវត្ថុឌីជីថល សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ, និង ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ, ដែលជាគោលការណ៍ស្នូល នៃគោលនយោបាយអភិវឌ្ឍន៍បច្ចេក- វិទ្យាហិរញ្ញវត្ថុកម្ពុជា៕