ពាក់ព័ន្ធនឹងបញ្ហាប្រឈមព្រំដែននៃប្រទេសកម្ពុជា-ថៃ ជាជំហររបស់សហរដ្ឋអាមេរិក គឺចង់ឃើញនូវការវិវត្តន៍ព្រំដែន កម្ពុជា-ថៃ វិលទៅរកភាពប្រក្រតីឡើងវិញ ខណៈសហរដ្ឋអាមេរិក ក៏ចង់ឱ្យបង្កើតឱ្យមានអ្នកសង្កេតការណ៍អាស៊ានផងដែរ។នេះបើតាមការបញ្ជាក់របស់លោកស្រី Bridgette L. Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បទឈប់បាញ់តាមរយៈការចូលរួមចំណែកពីលោក ដូណាល់ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសកុំឱ្យមានទាហាន និងប្រជាពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធបន្តទៀត។ យ៉ាងណាសម្ដេចតេជោ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះសម្ដេចចង់ឱ្យសហរដ្ឋអាមេរិកតាមដានយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការគោរពបទឈប់បាញ់ឱ្យបានពេញលេញ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីធានាការគោរពបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា ហើយជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ។ សម្ដេចបន្តថា កម្ពុជាបានដាក់អ្នកសង្កេតការណ៍ជាក់លាក់ដើម្បីធានានូវការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព។

ជុំវិញរឿងនេះ លោកស្រី Bridgette L. Walker បានអបអរចំពោះបទឈប់បាញ់កម្ពុជា-ថៃ។លោកស្រីថា អាមេរិក ជាពិសេសលោកប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការវិវត្តន៍ ដូចជាបញ្ហាប្រឈមព្រំដែននៃកម្ពុជា-ថៃ ហើយជាជំហររបស់សហរដ្ឋអាមេរិក គឺចង់ឃើញនូវការវិវត្តន៍ព្រំដែន កម្ពុជា-ថៃ វិលទៅរកភាពប្រក្រតីឡើងវិញ ពោលគឺសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពកើតមានឡើងសម្រាប់ប្រទេសទាំងពីរ។
បន្ថែមពីនេះ លោកស្រី បានបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឱ្យភាគីកម្ពុជា-ថៃ អនុវត្ត ក៏ដូចជាការបង្កើតឱ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានៅពេលកន្លងទៅ ហើយអាមេរិកនឹងខិតខំជំរុញឱ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងទៅនោះ៕ អត្ថបទ៖ ហ្សាលីន


