នៅសល់ត្រឹមតែប៉ុន្មានថ្ងៃទៀត ព្រលានយន្តអន្តរជាតិតេជោកម្រិត F4 និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ។ ផ្អែកតាមព្រលានថ្មីមួយនេះអ្នកជំនាញមានមោទនភាព និងជឿជាក់ថានិងលើកលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជាឱ្យស្មើមុខស្មើមាត់ជាមួយប្រទេសទាំងនៅក្នុងតំបន់និងពិភពលោកសម្រាប់វិស័យទេសចរណ៍។

ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាមានប្រសាសន៍ថា “តាមទស្សនៈរបស់លោកជំទាវអាកាសយានដ្ឋានអន្តរជាតិតេជោនេះនឹងចូលរួមលើកកម្ពស់កេរ្ដិ៍ឈ្មោះកម្ពុជាឱ្យស្មើមុខស្មើមាត់ជាមួយនិងបណ្ដាលប្រទទេសនៅក្នុងតំបន់និងពិភពលោក ដោយសារអាកាសយានដ្ឋានថ្មីនេះគឺជាគម្រោងដ៏ធំមួយបង្ហាញអំពីការរីកចម្រើននិងសក្ដានុពុលរបស់កម្ពុជា។ ជាភស្ដុតាងមួយដែលបានបង្ហាញឱ្យឃើញថាកម្ពុជាមានសមត្ថភាពនៅក្នុងការភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សនិងមានលទ្ធភាពក្នុងការក្លាយជាមជ្ឈមណ្ឌលទេសចរណ៍និងពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងតំបន់”។

ឧកញ៉ាបន្តទៀតថា ផ្អែកទៅលើវត្តមានអាកាសយានដ្ឋានថ្មីនេះ វិស័យទេសចរណ៍កម្ពុជាអាចនិងមានលទ្ធភាពទាក់ទាញការវិនិយោគពីក្រុមហ៊ុនអន្តរជាតិធំៗបានច្រើន ហើយដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគខាងក្រៅ៖ទី១)កម្ពុជាគួរតែបន្តរដាក់នៅគោលនរយោបាយដែលមានតម្លាភាពនិងភាពងាយស្រួល, ទី២)ការលើកទឹកចិត្តទៅលើពន្ធដារគួរតែផ្ដល់ការលើកលែងពន្ធនិងការលើកទឹកចិត្តផ្សេងៗទៀតទៅដល់អ្នកវិនិយោគ, ទី៣) ការការពារអ្នកវិនិយោគដោយត្រូវធានាផ្នែកច្បាប់ទៅលើក្រុនហ៊ុនបរទេសនិងទី៤)ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនិងឯកជនដើម្បីបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពងាយស្រួល។

ឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា “ស្របពេលអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីឈានជិតទៅដល់ថ្ងៃបើកសម្ពោធជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ, ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនដែលប្រកបរបរនៅក្នុងវិស័យទេសចរណ៍ទាំងអស់សូមបន្តពង្រឹងគុណភាពសេវាកម្មឱ្យកាន់តែល្អប្រសើរនិងមានវិជ្ជាជីវៈផ្ដល់នូវភាពរស់រាយរាក់ទាក់ដែលជាចំណុចពិសេសរបស់ប្រជាជនកម្ពុជា ដោយបង្កើតនូវផលិតផលសេវាកម្មថ្មីៗដើម្បីទាក់ទាញភ្ញៀវ និងផ្ដល់បទពិសោធន៍ប្លែកៗជូនពួកគាត់បានចូលរូមក្នុងវគ្គបណ្ដុះបណ្ដាលបន្ថែមដើម្បីបង្កើនសមត្ថភាពនិងចំណេះដឹង។ លើសនេះចូលរួមផ្សព្វផ្សាយអំពីភាពវិជ្ជមានរបស់ប្រទេសកម្ពុជានៅក្នុងបណ្ដាញទំនាក់ទំនងសង្គមនានាដែលកំពុងប្រើប្រាស់ ដើម្បីឱ្យពិភពលោកបានដឹងអំពីកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព៕








