នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសលាលែងចេញពីតំណេងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ដោយនេះមានន័យថា លោកក៏នឹងលាលែងចេញពីតំណែងជាមេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Ishiba បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែកញ្ញាថា ៖”ខ្ញុំបានសម្រេចចិត្តរួចហើយថានឹងចុះចេញពីតំណែងជាប្រធានបក្ស”។ លោកក៏បានសង្កត់ធ្ងន់ទៀត លោកបានណែនាំឲ្យគណបក្ស LDP ដែលកំពុងកាន់អំណាចរៀបចំការបោះឆ្នោតជាបន្ទាន់ ដើម្បីជ្រើសរើសមេដឹកនាំថ្មី ដោយបន្ថែមថា លោកនឹងបន្តអនុវត្តភារកិច្ចរបស់លោក រហូតដល់រកអ្នកជំនួសតំណែងថ្មីបាន។
គួរឲ្យដឹងផងដែរថា ជុំវិញការលាលែងចេញពីតំណែងនេះ ត្រូវបានកើតឡើងតិចជាងមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីលោក Ishiba បានក្លាយជាប្រធានបក្ស LDP និងជានាយករដ្ឋមន្ត្រីជប៉ុន។ ប៉ុន្តែជាបន្តបន្ទាប់ បក្ស LDP បានបាត់បង់សម្លេងភាគច្រើននៅក្នុងសភាទាំងពីរ ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង។
ជម្រាបជូនថា យោងតាមកាសែត NHK របស់ប្រទេសជប៉ុនបាននិយាយថា នាយករដ្ឋមន្ត្រី លោក Ishiba បានសម្រេចចិត្តចុះចេញពីតំណែង ដើម្បីជៀសវាងការបែកបាក់គ្នានៅក្នុងបក្ស LDP ខណៈពេលដែលកាសែត Asahi Shimbun Daily វិញបាននិយាយថា លោកមិនអាចទប់ទល់នឹងសម្ពាធកាន់តែខ្លាំង ជុំវិញការជំរុញឲ្យមានការលាលែងចេញពីតំណែង៕

