គិតមកដល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ តម្លៃ១១៤លានដុល្លារ សម្រេចការសាងសង់បាន ៩៨,១៣% ហើយ ខណៈដែលស្ពាននេះនឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាស លោក លឹម ស៊ីដេនីន រដ្ឋលេខាលេខាធិការ លោក វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាន្ន ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
ក្រសួងសាធារណការ បានឱ្យដឹងថា ការបើកឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ននេះមានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី៨-២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ចំពោះមធ្យោបាយធ្វើដំណើរដែលត្រូវបានអនុញ្ញាតរួមមាន៖ អ្នកដំណើរថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ។ ចប់ការអនុញ្ញតឱ្យឆ្លងកាត់ដូចកាលបរិច្ឆេទខាងលើ ក្រុមការងារការដ្ឋាននឹងបន្តបិទ ដើម្បីបង្ហើយកិច្ចការការដ្ឋានមួយចំនួនតាមបច្ចេកទេសសាងសង់។

មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់បាន ៩៨,១៣% ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម៨៧,១៣%។
ក្នុងពេលបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ននេះ ក្រសួងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពសណ្តាប់ធ្នាប់ គោរពល្បឿនកំណត់ និងអនុវត្តន៍តាមការណែនាំរបស់សមត្ថកិច្ចដែលប្រចាំការសម្រួលចរាចរណ៍នៅទីតាំងនោះ។

សូមជម្រាបថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមួយខ្សែនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ”។ស្ពាននេះត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម។
ស្ពាននេះ នឹងជួយជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។ បន្ថែមពីនេះ គម្រោងនេះ មិនត្រឹមតែនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃប៉ុណ្ណោះទេ លើសពីនេះ គម្រោងខាងលើ ក៏នឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ៕





