គណៈប្រតិភូឥណ្ឌា មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកឱកាសវិនិយោគផលិតផលសក្តានុពលកម្ពុជា ដោយមានការចាប់អារម្មណ៍ និងចង់បង្កើនការនាំចូលគ្រាប់ស្វាយចន្ទីស្រស់ ទៅកាន់ទីផ្សារឥណ្ឌា។ នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលលោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Sudhanshu លេខាធិការនៃអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃ(APEDA) ឥណ្ឌា នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

នៅក្នុងជំនួបនោះ លោក តូច ប៊ុនហួរ បានសម្តែងការស្វាគមន៍ដល់គណៈប្រតិភូឥណ្ឌា ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកឱកាសវិនិយោគផលិតផលសក្តានុពលកម្ពុជា ជាក់ស្តែងការចាប់អារម្មណ៍ និងចង់បង្កើនការនាំចូលគ្រាប់ស្វាយចន្ទីស្រស់ ទៅកាន់ទីផ្សារឥណ្ឌា៖ ពង្រឹងពង្រីកការវិនិយោគលើដំណាំស្វាយចន្ទី ការកែច្នៃ និងការនាំចេញ ដោយបង្កើតរោងចក្រ សម្រាប់កែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ និងពង្រីកការវិនិយោគលើវិស័យកសិកម្មដែលមានសក្តានុពល ដើម្បីបង្កើនកសិ-ពាណិជ្ជកម្មឱ្យកាន់តែមានទំហំកើនឡើងថែមទៀត រវាងប្រទេសទាំងពីរ។

លោកបានបញ្ជាក់ជូនគណ:ប្រតិភូធុរកិច្ចថា ប្រទេសកម្ពុជាបើកទូលាយស្វាគមន៍ដល់អ្នកវិនិយោគទាំងឡាយណា ដែលមានបំណងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយច្រើន ដែលមានប្រភេទពូជល្អ គុណភាពខ្ពស់ នឹងរសជាតិឆ្ងាញ់ ដូចជាប្រភេទពូជ៖ M23 M10 H09 និង IM4។

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សាខាងលើ គណៈប្រតិភូឥណ្ឌា នឹងបន្តជួបជាមួយវិស័យឯកជនកម្ពុជា និងធ្វើទស្សនកិច្ចឆ្ពោះទៅខេត្តកំពង់ធំ ដែលជាតំបន់សក្តានុពលស្វាយចន្ទី សំដៅបង្កើនការវិនិយោគលើកែថ្នៃគ្រាប់ស្វាយចន្ទីកម្ពុជា មិនត្រឹមតែប៉ុណ្ណោះជំរុញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ។
កម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក។
កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទី២ របស់ពិភពលោក ប្រមាណ១៧% នៃចំណែកផលិតកម្មពិភពលោក បន្ទាប់ពីកូតឌីវ័រ ប្រមាណ២៤% នៃចំណែកផលិតកម្មពិភពលោកក្នុងឆ្នាំ២០២៤៕



