ក្រុមហ៊ុន Adani Group ដែលដឹកនាំដោយមហាសេដ្ឋីលំដាប់កំពូលលោក Gautam Adani គ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់ប្រហែល ៦០លានដុល្លារ រហូតដល់ឆ្នាំសារពើពន្ធ២០៣២ នៅក្នុងវិស័យថាមពលរបស់ប្រទេសឥណ្ឌា ដោយផ្តោតសំខាន់ទៅលើថាមពលកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Mint។

ជុំវិញការវិនិយោគនេះ គឺស្របទៅនឹងកំណើនដែលបានព្យាករទុករបស់ប្រទេសឥណ្ឌា ថាជាទីផ្សារថាមពលអគ្គិសនីដែលរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក។
គួរឲ្យដឹងផងដែរថា នៅក្នុងបទបង្ហាញទៅកាន់ក្រុមវិនិយោគិន ក្រុមហ៊ុន Adani Group បានដាក់ចេញនូវយុទ្ធសាស្រ្តវិនិយោគសំខាន់របស់ខ្លួន ដែលត្រូវបានបែងចែកដូចជា ការវិនិយោគលើថាមពលកកើតឡើងវិញ ដោយក្រុមហ៊ុន Adani Green Energy នឹងបោះទុនប្រមាណ ២១ពាន់លានដុល្លារ ត្រឹមឆ្នាំសារពើពន្ធ២០៣០ ដើម្បីបង្កើនសមត្ថភាពថាមពលកកើតឡើងវិញ ដល់ ៥០ GW ពី ១៤,២ GW ត្រឹមឆ្នាំសារពើពន្ធ២០២៥នេះ។
ទន្ទឹមនឹងនេះ Adani ក៏គ្រោងនឹងបណ្តាក់ទុន ២២ពាន់លានដុល្លារ ត្រឹមឆ្នាំសារពើពន្ធ២០៣២ ដើម្បីពង្រឹងសមត្ថភាពថាមពលកំដៅរបស់ខ្លួន ដល់ ៤១,៩ GW ។
ដោយឡែក ក្រុមហ៊ុន Adani Energy Solutions Ltd (AESL) ដែលជាបុត្រសម្ព័ន្ធរបស់ Adani Group ផងដែរនោះ ក៏និងវិនិយោគ ១៧ពាន់លានដុល្លារ ក្នុងការបង្កើតសមត្ថភាពបញ្ជូន និងចែកចាយថាមពលអគ្គិសនីរបស់ខ្លួន ផងដែរ។
ជម្រាបជូនផងដែរថា ឥណ្ឌាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី៤ លើពិភពលោក ទាក់ទងទៅនឹងថាមពលកកើតឡើងវិញ ជាមួយនឹងសមត្ថភាពផលិតសរុបចំនួន ១៧៥ GW ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើងដល់ ៥៧១ GW នៅត្រឹមឆ្នាំសារពើពន្ធ២០៣២ ខាងមុខ៕

