អ្នកឧកញ៉ា គិត ម៉េង ដឹកនាំរៀបចំកិច្ចពិភាក្សាតុមូលប្រធាននាយកប្រតិបត្តិហ្វីលីពីន-កម្ពុជា

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា និងសភាពាណិជ្ជកហ្វីលីពីននៅកម្ពុជា រៀបចំនូវកិច្ចពិភាក្សាតុមូលប្រធាននាយកប្រតិបត្តិហ្វីលីពីន-កម្ពុជា ដែលប្រព្រឹត្តទៅ នៅសណ្ឋាគាររ៉ាហ្វិលឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សាតុមូលនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សាតុមូលនេះ ប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ និងមន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីជជែកពិភាក្សាលើការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងសុន្ទរកថាដោយបង្ហាញពីជំនឿទុកចិត្តលើទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ។ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីសក្តានុពលរបស់កម្ពុជា ដែលជាប្រភពផ្គត់ផ្គង់ដ៏មានស្ថិរភាពនូវ អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ទៅកាន់ទីផ្សារហ្វីលីពីន រួមចំណែកទ្រទ្រង់សន្តិសុខស្បៀងហ្វីលីពីន។

អ្នកឧកញ៉ាប្រធាន ក៏បានសង្កត់ធ្ងន់ផងដែរថា កម្ពុជាគឺជាទិសដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ដោយសារបរិយាកាសអំណោយផលដល់ធុរកិច្ច ស្ថិរភាពនយោបាយ និងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយភាពស្វាហាប់។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)រវាងកម្ពុជានិងហ្វីលីពីន ដែលទើបនឹងចុះហត្ថលេខាថ្មីៗនេះ នឹងជួយលុបបំបាត់របាំងសារពើពន្ធ និងបង្កើតក្របខ័ណ្ឌច្បាស់លាស់សម្រាប់ការវិនិយោគឆ្លងដែន។

សូមជម្រាបថា កិច្ចពិភាក្សាតុមូលនេះ គឺជាវេទិកាដ៏សំខាន់មួយរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតទំព័រថ្មីនៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងអំពីភាពស៊ីសង្វាក់គ្នានៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដោយបង្កើតនូវបរិយាកាសអំណោយផលដល់ការវិនិយោគ និងពង្រឹងគោលដៅរួមក្នុងការបង្កើតទំហំពាណិជ្ជកម្មទ្វេភាគី៕