គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវិនិយោគអន្តរជាតិ

សមាគមឧកញ៉ាកម្ពុជា

ខេត្តហ្វូជៀន, សាធារណរដ្ឋប្រជាមានិតចិន៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានអនុគណៈកម្មការទំនាក់ទំនងនិងធុរកិច្ច និងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ព្រមទាំងសមាជិកប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវិនិយោគអន្តរជាតិ(Thematic Session on Belt and Road International investment cooperation Exchange) ដែលជាវេទិកាដ៏សំខាន់សម្រាប់ការតភ្ជាប់ វិនិយោគ ពាណិជ្ជកម្ម និងវិបុលភាពរួមគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ដោយឯកឧត្តមបានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសគឺការចូលរួមកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ស្ពាន អាកាសយានដ្ឋាន រួមទាំងផ្លូវទឹកផងដែរ។

ឯកឧត្តមបានបន្ថែមថា បទពិសោធន៍របស់កម្ពុជា គឺជាភស្តុតាងដែលសម្រេចបានពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ តាមរយៈភាពជាដៃគូដើម្បីផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើង។ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ចក្ខុវិស័យនេះនឹងបន្តជំរុញការអភិវឌ្ឍមិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ និងពិភពលោកផងដែរ។ កម្ពុជានឹងបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះមាននិរន្តរភាព តម្លាភាព និងទទួលបានផ្ដល់ប្រយោជន៍ទៅវិញទៅមក មិនត្រឹមតែនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅវិស័យផ្សេងទៀត មានជាអាទិ៍ការអភិវឌ្ឍបៃតង ការផ្លាស់ប្ដូរបច្ចេកវិទ្យាឌីជីថល និងធនធានមនុស្សជាដើម៕