ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតមួយរបស់ប្រទេសចិន Mediastorm ថ្មីៗនេះ បានប្រកាសថារាល់បុគ្គលិករបស់ខ្លួនទាំងអស់ រួមទាំងអ្នកហាត់ការ និងបុគ្គលិកទើបជួលមកថ្មីៗផងនោះ នឹងទទួលបានកាដូទូរស័ព្ទ iPhone 17 Pro Max ជំនាន់ចុងក្រោយ ម្នាក់មួយគ្រឿង។

យោងតាមការបង្ហោះមួយនៅលើបណ្តាញសង្គមចិន Xiaohoungshuo បានបង្ហាញថា ថៅកែក្រុមហ៊ុនចិន Mediastorm លោក Tim Pan នឹងចែកជូនបុគ្គលិករបស់ខ្លួន នូវទូរស័ព្ទ iPhone 17 Pro Max ជំនាន់ចុងក្រោយ ម្នាក់មួយគ្រឿង។
ការចែកអំណាយឲ្យគួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការប្រកាសចេញជាផ្លូវការនៃទូរស៍ព្ទជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Apple គឺ iPhone 17 កាលពីថ្ងៃទី១០ ខែកញ្ញា ជាមួយនឹងម៉ូដែល Pro Max មានតម្លៃប្រមាណ ១ ៨៩៩ដុល្លារ។
ទន្ទឹមនឹងនេះ លោក Pan បាននិយាយទៀតថា ៖” iPhone 17 ទើបតែបញ្ចេញ។ ហើយវារឿងធម្មតាទេ ដែលអ្នកគ្រប់គ្នានៅក្នុងក្រុមហ៊ុន នឹងទទួលបាន iPhone 17 Pro Max ម្នាក់មួយគ្រឿង មិនថាអ្នកហាត់ការ ឬទើបតែចូលរួមជាមួយក្រុមហ៊ុននោះឡើយ”។
ជម្រាបជូនផងដែរថា នេះមិនមែនជាលើកទីមួយនោះនោះឡើយ ដោយកាលពីឆ្នាំមុន លោក Pan ក៏បានផ្តល់ទូរស័ព្ទ iPhone 16 Pro និង Apple Watch Series 10 ដល់បុគ្គលិកប្រហែលមួយរយនាក់នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ផងដែរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Nextshark៕

