គិតមកដល់ពេលនេះកម្ពុជាទទួលបានគម្រោងវិនិយោគបារាំងក្នុងទំហំទុនជាង៣៨០លានដុល្លារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាល និងវិស័យឯកជនបារាំងជានិច្ចកាលតែងតែផ្តល់ការគាំទ្រក្នុងដំណើរបើកទំព័រថ្មីនៃសហសម័យកម្ពុជា។ ជាក់ស្តែង គិតចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកពីប្រទេសបារាំងសរុបចំនួន៤៤ ដែលមានទុនវិនិយោគប្រមាណ៣៨០លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងតាមរយៈជំនួបពិភាក្សាការងាររវាងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-បារាំងនៃសហព័ន្ធនិយោជកបារាំងអន្តរជាតិ (Mouvement des Entreprises de France International) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

លោក នុត អ៊ុនវ័ណរ៉ា បានលើកឡើងអំពីផ្លែផ្កានៃវេទិកាធុរកិច្ចកម្ពុជា-បារាំង។ លោកបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាលើគ្រប់វិស័យ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងវិស័យឯកជនបារាំងដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រក្នុងដំណើរបើកទំព័រថ្មីនៃសហសម័យកម្ពុជា។ ជាក់ស្តែង គិតចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកពីប្រទេសបារាំងសរុបចំនួន៤៤ ដែលមានទុនវិនិយោគប្រមាណ៣៨០លានដុល្លារអាម៉េរិក ហើយដែលសកម្មភាពវិនិយោគទាំងនោះបានពាំនាំមកនូវបច្ចេកវិទ្យា, ការផ្ទេរនូវចំណេះដឹង ជំនាញ និងនវានុវត្តន៍, និងស្មារតីសហគ្រិនភាពដល់កម្ពុជា។

បន្ថែមពីនេះ លោកក៏បានបង្ហាញសុទិដ្ឋិនិយមថា សមភាគីបារាំងនឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការឈ្វេងយល់អំពីបរិយាកាសវិនិយោគ និងឧត្តមភាពប្រកួតប្រជែង ព្រមទាំងបន្តជំរុញសហគមន៍ធុរកិច្ចបារាំងឱ្យមកសិក្សាសមិទ្ធិលទ្ធភាពបណ្តាក់ទុនវិនិយោគបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខផងដែរ។

ជាការឆ្លើយតប លោក François Corbin បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ស្របគ្នានេះ បារាំងក៏បានយកឱកាសនៃវេទិកាដ៏មានសារៈសំខាន់នេះដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់ជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធអំពីកាលានុវត្តភាពវិនិយោគលើវិស័យអាកាសចរណ៍ស៊ីវិល, ភស្តុភារកម្ម, ថាមពល និងបោះដុំ និងលក់រាយ៕