មហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យចក្រភពអង់គ្លេស មានការរំលាយសភា និងផ្លាស់ប្តូររដ្ឋាភិបាលថ្មី ក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់មួយ នៅឯព្រឹត្តិការណ៍ស្តាំនិយម នៅក្នុងទីក្រុងឡុងដ៏។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បាននិយាយតាមប្រព័ន្ធអ៊ិនធឺណិតទៅកាន់មនុស្សរាប់សែននាក់ដែលចូលរួមក្នុងការហែក្បួន “United the Kingdom” កាលពីថ្ងៃទី១៣ ខែកញ្ញា នៅទីក្រុងឡុងដ៍ថា៖ “ខ្ញុំពិតជាគិតថា ត្រូវតែមានការផ្លាស់ប្តូររដ្ឋាភិបាល នៅក្នុងចក្រភពអង់គ្លេស។ យើងមិនអាចរង់ចាំបួនឆ្នាំទៀត ឬរហូតដល់ការបោះឆ្នោតបន្ទាប់នោះទេ វាយូរពេកហើយ។ យើងត្រូវរំលាយសភា ហើយមានការបោះឆ្នោតជាថ្មី” ។
គួរឲ្យដឹងផងដែរថា ការហែក្បួនកាលពីថ្ងៃទី១៣ ខែកញ្ញា ដែលរៀបចំឡើងដោយសកម្មជនស្តាំនិយមអង់គ្លេស លោក Tommy Robinson បានទាក់ទាញមនុស្សប្រមាណជាង ១០០ ០០០ នាក់ នេះបើតាមការប៉ាន់ស្មានរបស់ប៉ូលិស។ វាត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ជាតិនិយមដ៏ធំបំផុតមួយក្នុងប្រទេសអង់គ្លេស ក្នុងរយៈពេលជាច្រើនទស្សវត្សកន្លងមកនេះ ដើម្បីលើកកម្ពស់ដោយការការពារសិទ្ធបញ្ចេញមតិដោយសេរី និងអំពីការរឹតបន្តឹងការគ្រប់គ្រងអន្តោប្រវេសន៍ ជាដើម។
ជម្រាបជូនផងដែរថា លោក Musk ត្រូវបានគេដឹងថាជាគាំទ្រដ៏ធំបំផុត ខាងស្តាំនិយមនៅអង់គ្លេស ដោយជារឿយៗ លោកតែងបង្ហាញពីទស្សនៈរបស់ខ្លួន លើនយោបាយរបស់អង់គ្លេស និងរិះគន់ទៅលើរដ្ឋាភិបាលបច្ចុប្បន្នរបស់ប្រទេសនេះ ជុំវិញការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ និងការបន្ធូរបន្ថយទោសចំពោះជនល្មើសដែលគាបសង្កត់ទៅលើជនចំណាកស្រុក ផងដែរ៕

