ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ជំនួយបច្ចេកទេសឥតសំណង និងសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB ប្រមាណ ៣៥០ លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជាលើការអភិវឌ្ឍវិស័យថាមពល សម្រាប់ការពង្រីកបណ្តាញអគ្គិសនីជាតិនិងបង្កើនថាមពលបៃតងកកើតឡើងវិញ។ នេះបើតាមការឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ការឱ្យដឹងបែបនេះរបស់លោក កែវ រតនៈ នៅក្នុងជំនួបជាមួយ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
លើកឡើងលើទំហ័រហ្វេសប៊ុក លោក កែវ រតនៈ បានឱ្យដឹងបែបនេះថា «ជំនួយបច្ចេកទេសឥតសំណង និងសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ គិតជាសាច់ប្រាក់ប្រមាណ ៣៥០ លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជាលើការអភិវឌ្ឍវិស័យថាមពល សម្រាប់ការពង្រីកបណ្តាញអគ្គិសនីជាតិនិងបង្កើនថាមពលបៃតងកកើតឡើងវិញ»។
ជាមួយគ្នានោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏ល្អ និងសមត្ថភាពដឹកនាំរបស់លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងអាណត្តិបេសកកម្មបំពេញការងារនៅកម្ពុជា។

គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២៤ ប្រភពអគ្គិសនីរបស់កម្ពុជា បានកើនឡើងដល់ ៥.០៤៤មេហ្កាវ៉ាត់ ខណៈបណ្ដាញបញ្ជូនបានកើនដល់ ៣.៨៩០គីឡូម៉ែត្រ និងអនុស្ថានីយ៍ដែលបានអភិវឌ្ឍបានកើនដល់ ៧០កន្លែង។ ជាមួយគ្នានោះ កម្ពុជាបានដាក់ផែនការជំរុញការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីថ្មីចំនួន ៣៦គម្រោងដែលភាគច្រើនជាប្រភពថាមពលស្អាត និងកកើតឡើងវិញ ក្នុងនោះមានគម្រោងចំនួន ១៣ មានអានុភាពសរុប ១.២៧៥មេហ្កាវ៉ាត់ កំពុងសាងសង់ និង ២៣គម្រោងទៀត មានអានុភាពសរុប ៥.៩៥០មេហ្កាវ៉ាត់ បានទទួលការអនុម័តឱ្យធ្វើការអភិវឌ្ឍ ដើម្បីពង្រីកប្រភពថាមពលកកើតឡើងវិញនៅកម្ពុជាឱ្យបានយ៉ាងតិច ៧០ភាគរយ នៅក្នុងល្បាយនៃប្រភពអគ្គិសនីនាឆ្នាំ២០៣០៕


