ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសតួកគីយ៉េ បានប្រកាសជើងហោះហើរត្រង់លើកដំបូងពីទីក្រុង Istanbul មកកាន់ភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយរបស់ប្រទេសតួកគីយ៉េ Turkish Airlines ដែលហោះហើរទៅកាន់គោលដៅជាង៣៥០កន្លែង ជុំវិញពិភពលោក Turkish Airlines នឹងចាប់ផ្តើមហោះហើរត្រង់ និងផ្ទាល់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញពីគម្រោងហោះហើរលើកដំបូងរបស់ក្រុមហ៊ុន Turkish Airlines នៅក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ ដឹកនាំប្រតិភូពីក្រុមហ៊ុនអាកាសចរណ៍តួកគីយ៉េ Turkish Airlines ដែលមានលោក UMIT Develi ជាអនុប្រធាន និងជាតំណាង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងជាការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយផ្លែផ្កាលើការតភា្ជប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ដល់កិច្ចសហការគាំទ្រដ៏ល្អ និងឥតឈប់ឈររបស់ស្ថានទូតមិត្តតួកគីយ៉េ និងក្រុមហ៊ុន Turkish Airlines ដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះភ្លឺចែងចាំងក្រោមម្លប់សុខសន្តិភាព និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស គឺវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប និងទាន់សម័យដែលជាសមិទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបើកការហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

លោក ហួត ហាក់​ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា  ការបើកជើងហោះហើរថ្មីនេះពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរដល់គោលដៅជាង៣៥០កន្លែងដល់ប្រទេសចំនួន១៣០ប្រទេសជុំវិញពិភពលោកមួយនេះ.

គួរបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជា បានសម្រេចបាន ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស (២០១៩៖ ១១,០២៥លាននាក់, ២០២៤៖ ៦,២៤លាននាក់) ។

ជាមួយគ្នានេះ ការដឹកជញ្ជូនតាមផ្លូវអាកាស មានគោលដៅផងដែរ ដើម្បីចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ស្ថិតនៅក្នុងបញ្ចកោណទី២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែង និងមុំទី២.ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល៕