ថវិកា៤,៨លានដុល្លារដែលសប្បុរសជនចូលរួមក្នុងកម្មវិធីបាល់ទាត់ដើម្បីសប្បុរសធម៌ សម្ដេចតេជោ ហ៊ុន សែន នឹងប្រគល់ជូនមន្ទីពេទ្យចំនួន៣

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ថវិកាដែលសប្បុរសជនបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ ដើម្បីសប្បុរសធម៌ តាមរយៈសម្ដេចតេជោ ហ៊ុន សែន មានជាង ៤,៨លានដុល្លារ ដែលថវិកានេះ សម្ដេចតេជោ នឹងធ្វើការបែងចែកប្រគល់ជូនមន្ទីរពេទ្យចំនួន៣ ព្រមទាំងជូនដល់គ្រួសារយុទ្ធជនពលី ករណីផ្ទុះគ្រាប់នៅយោធ ភូមិភាគ៣។ នេះយោងតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកាចំនួន៤,៨លានដុល្លារនេះ នឹងបែងចែកដល់មន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន៥០ម៉ឺនដុល្លារ , មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០ម៉ឺនដុល្លារ, មន្ទីរពេទ្យ គន្ធបុប្ផា ៣,៨លានដុល្លារ និងគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ ចំនួន២០គ្រួសារ ក្នុងមួយ គ្រួសារចំនួន ១ម៉ឺនដុល្លារផងដែរ។

សូមជម្រាបជូនថា ព្រឹត្ដិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និង ដើម្បីប្រមូលថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផា។

បើតាមការបញ្ជាក់របស់ តារាចម្រៀងខេម បានផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ថា Cambodia football super stars បង្កើតឡើងក្នុងគោលបំណង ជំរុញលើកស្ទួយនិងបំផុសចនាចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់ជម្រើសជាតិខ្មែរ ឱ្យកាន់តែប្រសើរឡើង និងមានឆន្ទះខ្ពស់ប្រកួតប្រជែងកាន់តែខ្លាំង, ចូលរួមបំផុសការគាំទ្រលីគកំពូលក្នុងប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លា, ចូលរួមលេងកីឡាដើម្បីសប្បុរសធម៌ និងរឹតចំណងមិត្តភាព ការរាប់អានរវាងសិល្បៈ និងសិល្បៈដូចគ្នា៕