នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ថ្មីៗនេះបានសម្តែងពីាករព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានរបាយការណ៍ថា និយតករអ៊ីនធើណិតរបស់ប្រទេសចិន បានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងស្រុក បញ្ឈប់ការទិញបន្ទះឈីប AI របស់ក្រុមហ៊ុនអាមេរិក និងលុបចោលការបញ្ជាទិញដែលមានស្រាប់ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញព័ត៌មាននេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ចោទប្រកាន់ក្រុមហ៊ុន Nvidia ថាបានរំលោភច្បាប់ប្រឆាំងភាពផ្តាច់មុខរបស់ខ្លួន ដោយបង្ហាញពីការផ្ទុះឡើងមួយទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
យ៉ាងណាមិញ រដ្ឋបាល Cyberspace នៃប្រទេសចិន បានដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកនានា រួមទាំង ByteDance និង Alibaba ឱ្យបញ្ចប់ការធ្វើតេស្ត និងការបញ្ជាទិញបន្ទះឈីប RTX Pro 6000D របស់ពួកគេ ពីក្រុមហ៊ុន Nvidia។
ជុំវិញបញ្ហានេះ លោក Huang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងឡុងដ៍ ថា៖”យើងអាចបម្រើទីផ្សារបាន លុះត្រាតែប្រទេសមួយនោះចង់ឲ្យយើងធ្វើប៉ុណ្ណោះ។ ខ្ញុំខកចិត្តនឹងអ្វីដែលខ្ញុំបានឃើញ ចិន និងសហរដ្ឋអាមេរិក គួរឲ្យមានអ្វីច្រើនទៀតដើម្បីចរចាដោះស្រាយ ហើយខ្ញុំនឹងអត់ធ្មត់រង់ចាំមើល។ យើងនឹងបន្តគាំទ្ររដ្ឋាភិបាលចិន និងក្រុមហ៊ុនចិន ដូចដែលពួកគេចង់បាន”។
ជម្រាបជូនផងដែរថា កន្លងមកអាមេរិក បានរឹតបន្តឹងការចូលប្រើរបស់ប្រទេសចិន ចំពោះបន្ទះឈីបកម្រិតខ្ពស់ ដែលជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ដាក់សម្ពាធក្រុមហ៊ុនក្នុងស្រុកឲ្យងាកចេញពីអ្នកផ្គត់ផ្គង់របស់អាមេរិកវិញ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មបន្ទះឈីបនាំមុខគេ ដូចជា Nvidia ជាដើម៕

