មហាសេដ្ឋីមានដាច់គេនៅអូស្រ្តាលី ចាយលុយជាង ១ពាន់លានដុល្លារ ទិញភាគហ៊ុនរបស់ SpaceX

អន្តរជាតិ

យោងតាមកាសែត Wall Street Journal បានរាយការណ៍ថា មហាសេដ្ឋីរ៉ែ លោកស្រី Gina Rinehart ដែលជាអ្នកមានបំផុតរបស់ប្រទេសអូស្ត្រាលី បានទិញភាគហ៊ុនមានតម្លៃជាង ១ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន SpaceX ក្រោយការប្រកាសចេញលក់ IPO លើកដំបូងរបស់ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនជីករ៉ែ Hancock Prospecting របស់ស្រី Rinehart មិនបានបញ្ជាក់ពីទំហំនៃភាគហ៊ុនរបស់ខ្លួននៅក្នុង SpaceX របស់មហាសេដ្ឋី Elon Musk នោះឡើយ។ តែទោះជាយ៉ាងណាក៏ដោយ លោកស្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”នេះគឺជាការវិនិយោគដ៏សំខាន់មួយសម្រាប់ Hancock ហើយយើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលការបែងចែកនៅក្នុងអ្វីដែលជា IPO ដ៏ពេញនិយម និងមានអ្នកជាវច្រើនបំផុតមិនធ្លាប់មាន”។

មិនតែប៉ុណ្ណោះ​ លោកស្រី Rinehart បាននិយាយទៀតថា ៖”យើងមើលឃើញ SpaceX ជាអាជីវកម្មដ៏កម្រមួយ ដែលដឹកនាំដោយមនុស្សដ៏អស្ចារ្យម្នាក់ មានលក្ខណៈបច្ចេកទេសល្អឥតខ្ចោះ និងដំណើរការក្នុងវិស័យសំខាន់ៗ និងមានសក្តានុពលរយៈពេលវែង”។

បើយោងតាមក្រុមហ៊ុន Hancock បានបង្ហាញថា លោកស្រី Rinehart ដែលត្រូវបាន Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបជាង ៣៨ពាន់លានដុល្លារ មានគោលបំណងធ្វើការជាមួយ SpaceX ដើម្បីផ្តោតទៅលើការផ្គត់ផ្គង់តម្រូវការរ៉ែរបស់ខ្លួនបន្ថែមទៀត។

គួរជម្រាបជូនថា ក្រុមហ៊ុន Hancock គឺជាអ្នកវិនិយោគដ៏សំខាន់បំផុតមួយ នៅក្នុងក្រុមហ៊ុនរ៉ែកម្រជាច្រើន រួមទាំង MP Materials ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង Rare Earths Americas និង Lynas Rare Earths របស់អូស្ត្រាលី ក៏ដូចជាក្រុមហ៊ុនផលិតលីចូមធំបំផុត Liontown Resources ផងដែរ៕​