ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) របស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសផ្តល់នូវប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ៥០% សម្រាប់ខ្សែរថភ្លើង ភ្នំពេញ-បាត់ដំបង, ភ្នំពេញ-ពោធិ៍សាត់ ដើម្បីជាការអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន ការផ្តល់ជូននេះសម្រាប់តែការមកទិញសំបុត្រដល់ស្ថានីយតែប៉ុណ្ណោះ។ ប្រ៉ូម៉ូសិននេះសម្រាប់ការជិះរថភ្លើងថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ហើយសម្រាប់តែរថភ្លើងខ្សែខាងជើង ភ្នំពេញ-បាត់ដំបង និង ភ្នំពេញ-ពោធិ៍សាត់ តែប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ រថភ្លើង Kiha ទំនើបដែលនាំចូលពីប្រទេសជប៉ុន ក៏ក្រុមហ៊ុននឹងដាក់ដំណើរការជូនបងប្អូនទៅស្រុកមួយសប្តាហ៍ពេញ គឺតាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ទាំងពីរខ្សែរថភ្លើង ទាំងទិសដៅ ភ្នំពេញ-បាត់ដំបង និងភ្នំពេញ-ព្រះសីហនុ តម្លៃសំបុត្រត្រឹមតែ ៦-១៥ដុល្លារ និងមានបញ្ចុះតម្លៃ ៥០% សម្រាប់ខ្សែ ភ្នំពេញ-បាត់ដំបង។
សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក និងជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង។ កាលខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនបានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន។ បច្ចុប្បន្ននេះ រថភ្លើងដឹកអ្នកដំណើរម៉ាក Kiha បានដាក់ឱ្យដំណើរការនៅកម្ពុជាជាផ្លូវការហើយ ទាំងទិសដៅ ភ្នំពេញ-បាត់ដំបង និងភ្នំពេញ-ព្រះសីហនុ៕







