ក្រោយជជែកគ្នាតាមទូរសព្ទ ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ ប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រាប់ឱ្យនាយករដ្ឋមន្ត្រីថៃទៀតថា បញ្ហាដែលកើតឡើងត្រូវដោះស្រាយនៅតុចរចា តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC)។

នៅក្នុងកិច្ចពិភាក្សាតាមទូរសព្ទនោះ លោក អាន់វ៉ា ក៏បានសង្កត់ធ្ងន់ប្រាប់ទៅ លោក អានុទីន អំពីសារសំខាន់សម្រាប់កម្ពុជា និងថៃ ក្នុងការរក្សាសន្ដិភាព និងជៀសវាងការបណ្ដែតបណ្ដោយឱ្យមានការខ្វែងគំនិតគ្នា ដែលបង្កឱ្យមានភាពតានតឹងដែលមិនចាំបាច់។
លោកអាន់វ៉ា បានប្រាប់ទៅនាយករដ្ឋមន្ត្រីថៃទៀតថា បញ្ហាដែលកើតឡើងត្រូវដោះស្រាយនៅតុចរចា តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC) ។ ប្រទេសម៉ាឡេស៊ីជឿជាក់ថា ស្មារតីនៃកិច្ចសន្ទនា ការទូត និងការយោគយល់គ្នាទៅវិញទៅមក គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធានាបាននូវសន្ដិភាព និងស្ថិរភាពតំបន់។
សូមបញ្ជាក់ថា ការសន្ទនារវាងលោក អាន់វ៉ា ជាមួយនឹង លោកអានុទីនបានធ្វើឡើង នៅក្រោយពេលប៉ុន្មានម៉ោង ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានសន្ទនាតាមទូរសព្ទ ជាមួយនឹងលោក អាន់វ៉ា ពាក់ព័ន្ធនឹងស្ថានការវិវត្តនៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើលោក Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។
យ៉ាងណាមិញ ក្នុងការជជែកគ្នាតាមទូរសព្ទនេះដែរ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានអញ្ជើញ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អានុទីន ទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី នៅក្រោយពេលចូលកាន់តំណែងជាផ្លូវការផងដែរ៕អត្ថបទ៖ហ្សាលីន


