គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ ៤០០គម្រោង បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចចំនួន៥៧នៅកម្ពុជា។

នេះបើតាមការឱ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងលោក ជាមួយ ឯកឧត្តម វ៉ាង យី សហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ជាមួយ លោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី១៦ កញ្ញា នៅប្រទេសចិន។
ក្នុងជំនួបនោះ បានឱ្យដឹងថា នាពេលបច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧តំបន់ ហើយក្នុងនោះមាន ១១តំបន់គឺជាការវិនិយោគរបស់វិនិយោគិនចិន។ គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ ៤០០គម្រោង បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ ដែលជាមួយគ្នានេះ ចំពោះការវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគចំនួន ៤៩១គម្រោងហើយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជូនវិនិយោគិនដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ មានចំនួន ៥៧ តំបន់សេដ្ឋកិច្ចពិសេស និងកំពុងដំណើរការមានចំនួន ៣២ តំបន់ ក្នុងនោះ ២៧តំបន់ បានបង្កើតជារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងត្រូវការជាចាំបាច់នូវមន្រ្តីរាជការដើម្បីបម្រើការងារបន្ថែមទៀត។ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ ២០២២ ដល់ ២០២៤ កន្លងទៅ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៨ខែនៃ ឆ្នាំ២០២៥នេះ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧.២ប៊ីលានដុល្លារអាម៉េរិក ដោយមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណ ២.៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤៕




