គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុគីមី ក្នុងទំហំទុនវិនិយោគចំនួន ៤លានដុល្លារអាម៉េរិក នឹងមានវត្តមានក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នាពេលខាងមុខ ខណៈបច្ចប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងនេះរួចរាល់ហើយ។

យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកស្រែអំបិល ខេត្តកោះកុង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុគីមី ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទំហំទុនវិនិយោគចំនួន ៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៦កន្លែង។
CDC បានបន្ថែមថា គម្រោងនេះ នឹងបោះទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង (ភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង) និងវិនិយោគដោយក្រុមហ៊ុន CHUNG KHUNG TECHNOLOGY CO., LTD។
សូមជម្រាបថា បើគិតក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ប៊ី(ពាន់)លានដុល្លារ គឺគម្រោងវិនិយោគបានកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបានកើនឡើងប្រមាណ ២,៥ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ហ្សាលីន



