តំបន់សេដ្ឋកិច្ចពិសេសកោះកុង ទទួលបានគម្រោងបង្កើតរោងចក្រផលិតសារធាតុគីមី តម្លៃ ៤លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុគីមី ក្នុងទំហំទុនវិនិយោគចំនួន ៤លានដុល្លារអាម៉េរិក នឹងមានវត្តមានក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នាពេលខាងមុខ ខណៈបច្ចប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកស្រែអំបិល ខេត្តកោះកុង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុគីមី ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទំហំទុនវិនិយោគចំនួន ៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៦កន្លែង។

CDC បានបន្ថែមថា គម្រោងនេះ នឹងបោះទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង (ភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង) និងវិនិយោគដោយក្រុមហ៊ុន CHUNG KHUNG TECHNOLOGY CO., LTD។

​សូមជម្រាបថា បើគិត​ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ប៊ី(ពាន់)​លានដុល្លារ គឺគម្រោងវិនិយោគបាន​កើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបាន​កើនឡើងប្រមាណ ២,៥ ពាន់​លានដុល្លារ ស្មើនឹង​ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ហ្សាលីន