ក្រុមហ៊ុនបិតាវិនិយោគ Warren Buffett ប្រកាសលក់ភាគហ៊ុនក្នុងក្រុមហ៊ុន BYD ចេញទាំងអស់

អន្តរជាតិ

ក្រុមហ៊ុនវិនិយោគលំដាប់កំពូល Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានប្រកាសថាពួកគេលែងកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD ទៀតហើយ បន្ទាប់ពីបានលក់ចេញជាបន្តបន្ទាប់ អស់រយៈពេលបីឆ្នាំកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថូត្រីមាសទី១ របស់ក្រុមហ៊ុន Berkshire Hathaway Energy ដែលជាបុត្រសម្ព័ន្ធរបស់ Berkshire ដែលជាអ្នកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន BYD នោះ បង្ហាញឲ្យដឹងថា ការវិនិយោគរបស់ពួកគេគិតត្រឹមថ្ងៃទី៣១ ខែមីនា នៅក្នុងក្រុមហ៊ុនចិន គឺស្មើ០។ អ្នកនាំពាក្យរបស់ Berkshire ក៏បានបញ្ជាក់ទៀតផងដែរថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននេះក៏បានដ៏ខ្លួនចេញពី BYD ទាំងស្រុងផងដែរ។

គួរឲ្យដឹងផងដែរថា Berkshire បានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន BYD ចាប់តាំងពីឆ្នាំ២០០៨ មកម្លេះ តាមការស្នើសុំរបស់លោក Charlie Munger ដែលជាអតីតអនុប្រធានក្រុមហ៊ុន Berkshire Hathaway ។

នៅពេលនោះក្រុមហ៊ុនបានបង់ប្រាក់ចំនួន ២៣០លានដុល្លារ ដើម្បីទិញភាគហ៊ុនចំនួន ២២៥លានហ៊ុន ឬស្មើទៅនឹង ១០% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន។

តែទោះជាយ៉ាងណាក៏ដោយចាប់ពីឆ្២០២២ ក្រុមហ៊ុនរបស់មហាសេដ្ឋី Buffett បានចាប់ផ្តើមលក់ភាគហ៊ុនជាបន្តបន្ទាប់ ក្រោយពីភាគហ៊ុន BYD បានកើនឡើងច្រើនជាង ២០ដង។ គិតត្រឹមខែមិថុនាឆ្នាំមុន ពួកគេបានលក់ភាគហ៊ុនជិត ៧៦% នៃការកាន់កាប់របស់ពួកគេ ដោយទុកឱ្យ Berkshire មានភាគហ៊ុនតិចជាង ៥% ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មហាសេដ្ឋី Warren Buffett មិនដែលពន្យល់លម្អិតពីមូលហេតុដែលក្រុមហ៊ុនរបស់លោក សម្រេចលក់ភាគហ៊ុន BYD នោះឡើយ៕​