ក្រសួងការពារជាតិ៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការចោទរបស់ភាគីថៃឡើយ

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបំភ្លឺបែបនេះរបស់ក្រសួងការពារជាតិ ធ្វើឡើងក្រោយពេលដែលមានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ  និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។

ក្រសួងការពារជាតិ បានបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕