លោកជំទាវ ជា សេរី៖ វិស័យមីក្រូហិរញ្ញវត្ថុរួមចំណែកសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោកជំទាវ ជា សេរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ការលើកឡើងនេះ ធ្វើក្នុងជំនួបពិភ្សាការងារជាមួយឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោកជំទាវ បានឱ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំពោះប្រជាជនក្រីក្រ។ លើសពីនេះ វិស័យមីក្រូហិរញ្ញវត្ថុបានកាត់បន្ថយភាពងាយរងគ្រោះពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលភាគច្រើនមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងអាចឱ្យប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការសម្រាប់អភិវឌ្ឍអាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម។

ជាមួយគ្នានោះ លោកជំទាវ ក៏បានបន្ថែមថា ក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា បន្តងើបឡើងថែមទៀត ប៉ុន្តែក៏ប្រឈមនឹងភាពមិនច្បាស់លាស់ច្រើនដែរ ដោយសារភាពមិនប្រាកដនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការថយចុះកំណើននៅក្នុងប្រទេសអភិវឌ្ឍន៍ដែលកម្ពុជានាំទំនិញចេញ។

ទន្ទឹមនឹងនោះ អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ក៏បានស្នើដល់ស្ថានទូតអង់គ្លេស បង្ហាញពីឱកាសល្អនៃការវិនិយោគនៅកម្ពុជា និងបង្កើនតម្រូវការនាំទំនិញចូលពីកម្ពុជា ដោយសារសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសស្ថិតក្នុងតំបន់ប្រកបដោយថាមភាព។

ជាការឆ្លើយតប ឯកឧត្តម Dominic Williams បានធ្វើការវាយតម្លៃខ្ពស់ចំពោះការណ៍ទាំងនេះ ហើយស្ថានទូតអង់គ្លេសនឹងបន្តសហការគាំទ្រ នៅលើផ្នែកទាំងនេះទៀត និងត្រៀមខ្លួនផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការលើផ្នែកពាក់ព័ន្ធនានា។

សូមជម្រាបថា កន្លងមកចក្រភពអង់គ្លេស បានគាំទ្រលើការអភិវឌ្ឍកម្ពុជា នៅក្នុងវិស័យធនាគារ ដោយបានជួយបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ ការផ្តល់ជំនួយបច្ចេកទេស និងការពង្រឹងសមត្ថភាពលើផ្នែកហិរញ្ញប្បទានបៃតង ការអភិវឌ្ឍបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលស្របនឹងគោលដៅរបស់កម្ពុជានិងក្នុងក្របខណ្ឌ និងជាពិសេសអាស៊ានផងដែរ៕