លោក ហ៊ុន ម៉ាណែត៖ អ្វីៗដែលយើងបាននឹងកំពុងធ្វើនេះមិនមែនធ្វើដើម្បីបង្ហាញនោះទេ គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស

សង្គម​និង​សេដ្ឋកិច្ច

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្វីៗដែលយើងបាននឹងកំពុងធ្វើនេះគឺមិនមែនធ្វើដើម្បីបង្ហាញនោះទេ គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រោះថាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាការប្រយុទ្ធប្រឆាំងសត្រូវដែលគ្មានរូបរាង យើងខិតខំជម្នះគ្រប់ឧបសគ្គដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ហើយយើងសង្ឃឹមថានឹងយកជ័យជំនះ ហើយស្ថានភាពល្អប្រសើរនឹងវិលមកវិញក្នុងរយៈពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) លើកឡើងយ៉ាងដូច្នេះ ក្នុងពិធីចុះអនុស្សារណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអង្គការមូលនិធិនគរទេព នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។

លោកថ្លែងថា សមាគម TYDA និងអង្គការមូលនិធិនគរទេព មានបេសកកម្មស្រដៀងគ្នាក្នុងជួយសង្គ្រោះជីវិតមនុស្សតាមរយៈការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងយើងបានរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ  ដើម្បីសង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺកូវីដ-១៩។

លោកថា ការផ្ដល់ការគាំទ្រនេះ បានធ្វើឱ្យស្ថានភាពពេលបច្ចុប្បន្ននេះខុសប្លែកពីស្ថានភាពកាលពីឆ្នាំកន្លងទៅធ្វើឱ្យប្រជាពលរដ្ឋរីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយមិនមានភាពភ័យខ្លាចនឹងជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ហ៊ុន ម៉ាណែត បន្ថែមថា សមាគមTYDA គឺមានគោលការណ៍ចំនួន ៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ ទី១-ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។  ទី២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស។ 

ចំណែកឯ ទី៣-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា៕