នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម អាន់វ៉ា អុីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ បានទូរស័ព្ទជាមួយឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី ឯកឧត្តម ដូណាល់ ត្រាំ នៅថ្ងៃនេះ ឯកឧត្តម អាន់វ៉ា អុីប្រាហ៊ីម បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ក្នុងការបន្តដើរតួនាទីយ៉ាងសកម្មក្នុងការធានាសន្តិភាពក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាកម្ពុជា-ថៃ។
តាមបណ្តាញសង្គមផ្លូវការ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារថា លោកប្រធានាធិបតី Trump បានទទួលស្គាល់ភាពជោគជ័យរបស់ប្រទេសម៉ាឡេស៊ី ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ថាជាសមិទ្ធិផលដ៏អស្ចារ្យដែលបង្ហាញពីអធិបតេយ្យភាពរបស់ប្រទេសម៉ាឡេស៊ី និងភាពរឹងមាំរបស់អាស៊ាន។

ជាមួយគ្នានេះ លោក Anwar ក៏បានសរសើរ លោកប្រធានាធិបតី Trump ចំពោះតួនាទីដែលសហរដ្ឋអាមេរិកកំពុងដើរតួក្នុងការធានាបទឈប់បាញ់រវាងកម្ពុជា-ថៃ។
ឯកឧត្តម Anwar Ibrahim បានបញ្ជាក់ថា ម៉ាឡេស៊ី ទន្ទឹងរង់ចាំវត្តមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយ ដែលនឹងក្លាយជាវេទិកាសំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕

