ទីបំផុត លោក ត្រាំ ចុះបទបញ្ជាប្រតិបត្តិដើម្បីលក់ TikTok នៅសហរដ្ឋអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែកញ្ញា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដោយប្រកាសពីផែនការលក់អាជីវកម្មរបស់ TikTok នៅអាមេរិក ទៅឲ្យក្រុមវិនិយោគិនអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានបញ្ជាក់បន្ថែមទៀតថា ផែនការនេះ គឺនឹងត្រូវបំពេញតាមតម្រូវការសន្តិសុខជាតិ ដែលត្រូវបានចែងនៅក្នុងច្បាប់ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយផងដែរថា ក្រុមហ៊ុនអាមេរិកថ្មី ដែលគ្រប់គ្រងលើ TikTok នេះ​នឹងមានតម្លៃទីផ្សារប្រមាណ ១៤ពាន់លានដុល្លារ ខណៈសេតវិមាន មិនបានពន្យល់អ្វីលម្អិតអំពីរបៀបនៃការកំណត់តួលេខនេះ នោះឡើយ។

យ៉ាងណាមិញ​ នៅក្នុងថ្ងៃដដែលនោះ ប្រធានាធិបតី លោក ត្រាំ ក៏បានប្រកាសពីការពន្យារពេលក្នុងការអនុវត្តច្បាប់ហាមឃាត់ TikTok បន្ថែមទៀត រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។យោងតាមកាលបរិច្ឆេទចុងក្រោយ ByteDance មានមូលដ្ឋាននៅចិន ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីវេទិកានេះ នៅសហរដ្ឋអាមេរិក បើមិនដូច្នេះទេវានឹងត្រូវបិទបន្ទាប់ពីថ្ងៃទី១៧ ខែកញ្ញា។

គួរឲ្យដឹងថា ការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចុងក្រោយនេះ​ បានបង្ហាញថា លោក ត្រាំ កំពុងធ្វើឲ្យមានការរីកចម្រើនលើកិច្ចព្រមព្រៀងទិញយក TikTok នៅអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតជាច្រើននៅតែត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ ដូចជារបៀបដែលអ្នកវិនិយោគអាមេរិកនឹងប្រើក្បួនដោះស្រាយការណែនាំរបស់វេទិកា ដែលជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់កម្មវិធីវីដេអូកម្សាន្តខ្លីមួយនេះ។

ជម្រាបជូនផងដែរថា កន្លងមកលោក ត្រាំ ធ្លាប់បាននិយាយថា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dell Technologies លោក Michael Dell ប្រធានក្រុមហ៊ុន Fox Corp លោក Rupert Murdoch និង អ្នកវិនិយោគលំដាប់ពិភពលោកចំនួនបួន ឬប្រាំនាក់ផ្សេងទៀត នឹងចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់គ្រង TikTok នៅអាមេរិកនេះ៕​