នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា «ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត»។

តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានបញ្ជាក់ថា ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។
សម្តេចតេជោបន្តថា ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន សម្តេចបានជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖
១. ធ្វើកោសល្យវិច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។
២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។
បើតាមសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ សម្តេចសង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ ដោយសម្តេចបានថ្លែងថា មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥២នាទី ថៃបានបើកការបាញ់ប្រហារមុនមកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញ។ សកម្មភាពទាំងអស់នេះអាចប៉ះពាល់ទៅដល់ការគោរព និងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។ កម្ពុជាក៏បានស្នើឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច្ឆ័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត ជាពិសេសប្រភេទគ្រាប់ដែលបានបាញ់ និងទិសដៅក្បាលគ្រាប់ដែលបានបាញ់ចេញ សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរ។ ជាមួយគ្នានេះ កម្ពុជាក៏ស្នើឱ្យភាគីថៃបង្ហាញឆន្ទៈដូចគ្នានេះផងដែរ៕

