ការនាំចេញអង្កររបស់ប្រទេសថៃ បានធ្លាក់ចុះអស់ ៣០% មកនៅត្រឹមចំនួន ៣,៩៤ពាន់លានដុល្លារ នៅក្នុងខែសីហា ដែលជាការធ្លាក់ចុះអស់ ១០ខែជាប់ៗគ្នារួចមកហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមរបាយការណ៍ពី ការិយាល័យគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងថា បរិមាណនៃការនាំចេញអង្កររបស់ថៃ បានធ្លាក់ចុះ ១៦,៩% មកនៅត្រឹម ៧៣៩,៤ តោន នៅក្នុងខែសីហានោះ។
ជុំវិញការធ្លាក់ចុះនេះ ត្រូវបានគេមើលឃើញកើតឡើងនៅក្នុងទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង សេណាហ្គាល់ អ៊ីរ៉ាក់ និងម៉ូសំប៊ិកជាដើម។ តែទោះជាយ៉ាងណា ការនាំចេញទៅកាន់ប្រទេសកាម៉េរូន ចិន ម៉ាឡេស៊ី ហុងកុង និងកាណាដា បានកើនឡើង។
គួរឲ្យដឹងថា ក្នុងរយៈពេល ៨ខែដំបូងឆ្នាំនេះ ការនាំចេញអង្ករសរុបរបស់ប្រទេសថៃ មានចំនួនជាង ៥លានតោន ពោលគឺបានធ្លាក់ចុះអស់ ២៤,១% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះ តម្លៃអង្ករក្នុងស្រុកក៏ធ្លាក់ចុះដែរ។ យោងតាមសមាគមរោងម៉ាស៊ីនកិនស្រូវថៃ បានបង្ហាញឲ្យដឹងថា តម្លៃអង្ករសគិតត្រឹមថ្ងៃពុធគឺមានចំនួន ៦ ៥០០-៦ ៧០០បាត (២០១-២០៨ដុល្លារ) ក្នុងមួយតោន ពោលគឺបានធ្លាក់ចុះ ២០០ បាតធៀបនឹងសប្តាហ៍មុន៕

