ហ្វីលីពីន បន្តហាមឃាត់ការនាំចូលអង្ករលើសពី ៦០ថ្ងៃទៀត

អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបញ្ជាឲ្យបន្តហាមឃាត់ការនាំចូលអង្ករលើសពី ៦០ថ្ងៃបន្ថែមទៀត ដោយមិនបានបញ្ជាក់ថាការបន្តហាមឃាត់នេះ នឹងមានរយៈពេលប៉ុន្មាននោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Marcos កន្លងមកបានបញ្ជាឲ្យផ្អាកការនាំចូលអង្កររយៈពេល ៦០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកសិករក្នុងស្រុក ក្នុងអំឡុងពេលប្រមូលផល និងរក្សាតម្លៃស្រូវឲ្យស្ថិតនៅក្នុងការគ្រប់គ្រង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Claire Castro អនុរដ្ឋមន្ត្រីលេខាធិការនៃការិយាល័យទំនាក់ទំនងប្រធានាធិបតី បានប្រាប់សន្និសីទព័ត៌មានមួយកាលពីពេលថ្មីៗនេះថា ដោយស្ថិតនៅក្រោមការណែនាំរបស់ប្រធានាធិបតី ការហាមឃាត់ចំពោះការនាំចូលអង្កររយៈពេលពីរខែនោះ នឹងត្រូវពន្យារពេលបន្ថែមទៀត។

គួរឲ្យដឹងថា ហ្វីលីពីនដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក បាននាំចូលអង្ករសរុបចំនួន ៤,៨ លានតោន កាលពីឆ្នាំមុន ដែលភាគច្រើនមកពីប្រទេសវៀតណាម និងថៃ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Francisco Tiu Laurel បាននិយាយថា លោកគ្រោងនឹងផ្តល់អនុសាសន៍ដល់ប្រធានាធិបតីថា ការផ្អាកគួរតែត្រូវបានពន្យារពេលពី ១៥ ទៅ ៣០ ថ្ងៃទៀត ហើយនិយាយទៀតថា ក្រសួងបច្ចុប្បន្នក៏កំពុងពិនិត្យមើលការបង្កើនពន្ធលើអង្ករនាំចូលផងដែរ៕​