ឥណ្ឌូនេស៊ី នឹងផ្តល់ការលើកលែងពន្ធទ្រង់ទ្រាយធំ ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់រដ្ឋធានីថ្មីរបស់ខ្លួន

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបង្ហាញពីការលើកលែងពន្ធជាច្រើន ដើម្បីធ្វើការទាក់ទាញក្រុមហ៊ុន និងប្រជាជន ឱ្យផ្លាស់ទៅកាន់រដ្ឋធានីថ្មីរបស់ខ្លួន គឺ Nusantara ដែលស្ថិតនៅលើកោះ Borneo ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងវិនិយោគក្នុងស្រុកឥណ្ឌូនេស៊ី បានបញ្ជាក់ថា ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ដែលចូលមកធ្វើអាជីវកម្មនៅទីក្រុងទី Nusantara នឹងមិនតម្រូវឱ្យបង់ពន្ធទៅលើប្រាក់ចំណូល រហូតដល់ទៅ ២៥ ឆ្នាំ ប្រសិនបើពួកគេមកធ្វើការវិនិយោគ ឱ្យបានមុនឆ្នាំ ២០៣៥ ស្របពេលអ្នកដែលមកវិនិយោគនៅមុនឆ្នាំ ២០៤៥ នឹងអាចទទួលបានការលើកលែងពន្ធរយ:ពេល ២០ ឆ្នាំ ។

គួរឱ្យដឹងថា ទាំងនេះគឺគ្រាន់តែជាការលើកទឹកចិត្តមួយផ្នែកតូចប៉ុណ្ណោះ ដែលត្រូវបានផ្តល់ជូនដោយរដ្ឋាភិបាល ក្នុងគោលបំណងទាក់ទាញក្រុមអ្នកវិនិយោគ ដើម្បីគាំទ្រទៅលើផែនការបង្កើតរដ្ឋធានីថ្មី តម្លៃ ៦០០ ទ្រីលានរូពី (៣៩,៥ពាន់លានដុល្លារ) របស់ប្រធានាធិបតី លោក Joko Widodo ក្នុងការផ្លាស់ប្តូររដ្ឋធានីរបស់ប្រទេស ចេញពីទីក្រុងហ្សាកាតា ។

យ៉ាងណាមិញ ចំពោះការលើកទឹកចិត្ត នឹងត្រូវបានផ្តល់ជូនរហូតដល់ឆ្នាំ ២០៤៥ ឯណោះ នៅពេលដែល Nusantara ត្រូវបានគេរំពឹងទុកខ្ពស់ថាអាចនឹងដំណើរការពេញលេញ និងមានភាពជឿនលឿន ជាពិសេសទៅលើផ្នែកបច្ចេកវិទ្យា ។

លើសពីនេះ បើតាមរដ្ឋមន្ត្រីវិនិយោគ លោក Bahlil Lahadalia បាននិយាយថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនចំនួន ២០ ហើយ ដោយរួមមានទាំងក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចូលមកវិនិយោគ នៅ Nusantara ដោយក្នុងចំណោមនោះ មានក្រុមហ៊ុនមួយចំនួនហើយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាផ្លូវការ ។

ជម្រាបជូនឱ្យដឹងផងដែរថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចាប់ផ្តើមសម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន នៅក្នុងរដ្ឋធានីថ្មីរបស់ខ្លួន រួមទាំងអាងស្តុកទឹក ផ្លូវថ្នល់ អគារប្រធានាធិបតី និងអនុប្រធានាធិបតី ជាដើម ស្របពេលទីស្នាក់ការសម្រាប់មន្ត្រីសាធារណ:ផ្សេងៗ អាចនឹងចាប់ផ្តើមផ្លាស់ប្តូរទីតាំង នៅឆ្នាំក្រោយ ៕