អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group យល់ឃើញថា ក្រៅពីផលិតផលកាត់ដេរ និងស្បែកជើង ប្រទេសកម្ពុជានៅមានឱកាសធំធេងណាស់ ក្នុងការផលិតផលិតផលសម្រាប់ការនាំចេញផ្សេងៗទៀត ពិសេសលើវិស័យកសិកម្ម។

អ្នកឧកញ៉ាបានលើកឡើងខាងលើនេះ ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាជុំវិញប្រធានបទ «កម្ពុជា៖ ទឹកដីប្រកបដោយសក្តានុពលនិងឱកាស (Cambodia: A Land of Opportunity)» នៃកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ។
«បច្ចុប្បន្ន យើងឃើញថា ប្រទេសកម្ពុជាការនាំចេញពី២៨ ទៅ២៩ ប៊ីលានដុល្លារ ក្នុងនោះឃើញថា សម្ភារៈកសិកម្មមានការនាំចេញ ខ្ទង់ប្រហែលជា១៩ភាគរយ ទៅ២០ភាគរយប៉ុណ្ណោះ ក្រៅពីនោះសុទ្ធតែសម្ភារៈកាត់ដេរ ខោអាវ និងស្បែកជើង។ យើងនៅមានឱកាសធំណាស់ សម្រាប់ការផលិត និងការនាំចេញ»។ អ្នកឧកញ៉ា បានថ្លែងលើវេទិកា។
អ្នកឧកញ៉ា សៀ ឫទ្ធី បានបន្តថា នៅក្នុងប្រទេសកម្ពុជា បើនិយាយអំពីវិស័យផលិត គឺមានឱកាសច្រើនណាស់ ដោយសារតែអ្នកវិនិយោគ យល់អំពីវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ គ្រាន់តែកម្ពុជាខ្វះឈ្មួញកណ្ដាលមួយ សម្រាប់ដាក់ការផលិតតែប៉ុណ្ណោះ។
យ៉ាងណាមិញ អ្នកឧកញ៉ា សៀ ឫទ្ធី សូមលើកទឹកចិត្ដសម្រាប់អ្នកប្រកបរបររកស៊ី គួរវិនិយោគលើវិស័យកសិកម្មឱ្យបានច្រើន ព្រោះជាវិស័យមួយ អន្ដរជាតិបាននឹងកំពុងចាប់អារម្មណ៍ ហើយប្រទេសកម្ពុជា មានប្រជាជនតិច ទឹកដីធំ ដូច្នេះការផលិតបានច្រើន ប៉ុន្តែអ្នកបរិភោគនៅតិច នោះនឹងសល់ចំនួនច្រើនក្នុងការនាំចេញ៕







