លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំរៀបចំវេចខ្ចប់ស្បៀងយកទៅចែកជូនបងប្អូនភៀសសឹក ដែលមិនទាន់អាចវិលទៅកាន់គេហដ្ឋានវិញបាន

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងជាអនុប្រធានមូលនិធិទ្រទ្រង់ជនភៀសសឹក កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថ្នាក់ដឹកនាំ និងសិល្បករសិល្បការិនីនៃសមាគមសិល្បករខ្មែរ រៀបចំវេចខ្ចប់ស្បៀងអាហារ សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ដើម្បីយកទៅចែកជូនដល់បងប្អូនជនភៀសសឹកមួយចំនួន ដែលមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន នៅក្នុងខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានបញ្ជាក់ថា ទោះបីជាស្ថានភាពហាក់ធូរស្បើយបន្តិច ប៉ុន្តែបងប្អូនភៀសសឹកមួយចំនួននៅមិនទាន់អាចវិលត្រឡប់ទៅកាន់គេហដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដូច្នេះការរួមគ្នាបន្តជួយឧបត្ថម្ភពួកគាត់គឺជារឿងចាំបាច់បំផុត។

លោកជំទាវអ្នកឧកញ៉ាបានបញ្ជាក់ថា៖«ខ្ញុំគិតថា ទោះបីពួកយើងមានស្បៀងមិនច្រើន ប៉ុន្តែឆន្ទៈ ស្មារតី និងកម្លាំងសាមគ្គីរួបរួមគ្នារបស់ពួកយើងត្រូវតែរស់រវើក។ ការរួមគ្នាជាធ្លុងតែមួយរបស់ពួកយើងជាអំណាយនៃការប្រយុទ្ធប្រឆាំងការឈ្លានពាន ពួកយើងត្រូវតែរឹងមាំ ត្រូវតែពួតដៃគ្នា»។

សូមជម្រាបថា មូលនិធិទ្រង់ទ្រង់ជនភៀសសឹក ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ  ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនវីង ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុន CBS (CTN, MYTV, CNC, CBS Digital ) ដើម្បីជាកម្លាំងសប្បុរសធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយដល់កងទ័ព និងបងប្អូនភៀសសឹក ដែលទទួលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានពីប្រទេសថៃនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នាពេលកន្លងមក៕