ខេត្តស្វាយរៀង នឹងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក ក្នុងទំហំទុនវិនិយោគ ៤លានដុល្លារអាម៉េរិកនាពេលឆាប់ៗខាងមុខនេះ។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក (ពុម្ព, ទ្រនាប់, ជ័របិតកែង និងជ័រតម្កល់) ក្នុងទំហំទុនវិនិយោគ ៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៤កន្លែង។
រោងចក្រនេះ នឹងបោះទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ដែលស្ថិតនៅក្នុងភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ រោងចក្រនេះដែរ ក៏បានជចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចរាល់ផងដែរ និងវិនិយោគដោយក្រុមហ៊ុន HERSUN (CAMBODIA) CO., LTD.។
សូមរម្លឹកដែរថា ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១គម្រោង មានទុន ៧,២ពាន់លានដុល្លារ៕ អត្ថបទ៖ហ្សាលីន


