រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា អំពាវនាវប្រទេសសមាជិកអាស៊ាន បេ្តជ្ញាចិត្តរួមគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់បន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ជាលើកដំបូង នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា ត្រូវអនុវត្តសកម្មភាពជាក់ស្តែងរួមគ្នាជាមួយនឹងចក្ខុវិស័យរួម ឈរលើស្មារតីឯកភាពផ្ទៃក្នុងអាស៊ាន និងការបេ្តជ្ញាចិត្តរួមគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់បន្ថែមទៀត សំដៅជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានរៀបចំជាលើកដំបូង នៅទីក្រុងម៉ាឡាកា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រទេសម្ចាស់ផ្ទះ និងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក លោកស្រីរដ្ឋមន្ត្រីទេសចរណ៍ និងតំណាងប្រធានស្ថាប័នទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសសង្កេតការណ៍ទីម័រឡេស្តេ និងអគ្គលេខាធិការអាស៊ានផងដែរ។

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានបេ្តជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីធានាភាពប្រកួតប្រជែងរបស់អាស៊ាន និងភាពធន់ នៃវិស័យទេសចរណ៍អាស៊ាន នៅក្នុងកម្រិតតំបន់និងសកលលោក។

ជាមួយគ្នានោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានធ្វើបទអន្តរាគមន៍នៅក្នុងប្រធានបទទាំងពីរផងដែរ។ ទន្ទឹមនឹងនោះ លោកក៏បានគូសរំលេចអំពីសារៈសំខាន់នៃកត្តាសុខសន្តិភាពតំបន់ និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះចាំបាច់ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព ភាពធន់ និងបរិយាបន្ន។ ការវិនិយោគនៅក្នុងរចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការធ្វើដំណើរឱ្យមានភាពល្អប្រសើររវាងប្រជាជន និងប្រជាជន និងការសម្រួលនីតិវិធីនៃការធ្វើដំណើរនៅក្នុងតំបន់អាស៊ាន និងសកលោក ពិតជាមានភាពចាំបាច់នៅក្នុងការជំរុញកំណើនភ្ញៀវទេសចរ និងរក្សាភាពប្រកួតប្រជែងរបស់អាស៊ាននៅក្នុងតំបន់។

សុមជម្រាបជូនថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានផ្តោតលើកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួនពីរគឺ៖ (១) ការអភិវឌ្ឍទេសចរណ៍ដោយឈរលើគោលការណ៍និរន្តភាព ភាពធន់ និងបរិយាបន្ន, និង (២) ការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងសកលលោក ដើម្បីជំរុញកំណើនភ្ញៀវទេសចរនៅក្នុងអាស៊ាន ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅក្នុងពិភពលោកមកកាន់អាស៊ាន។

វេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន៕