ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម ៥ % នៅឆ្នាំ២០២៦ខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី៦.១% មក៤.៩% សម្រាប់ឆ្នាំ ២០២៥  ខណៈនិងពី៦.២% មក៥.០% សម្រាប់ឆ្នាំ២០២៦។ការបន្ទាបការព្យាករនេះ គឺដោយសារឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ដែលផ្សាយចេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ADB ក៏បានរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់ នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់ នៃការវិនិយោគផ្ទាល់ពីបរទេស។

ADB បានបញ្ជាក់ថា អតិផរណាត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រម៉ាណ២.០% ទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ ដោយក្នុងនោះ វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកត្រឹម ២.៨% ក្នុងឆ្នាំ ២០២៥ និង ២.៦% ក្នុងឆ្នាំ ២០២៦។ វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញ នៅក្នុងឆមាស ទីមួយឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងពេលខាងមុខ។

វិស័យកសិកម្មត្រូវបានគេព្យាករថា នឹងកើនឡើងប្រមាណ ១.១% ក្នុងឆ្នាំ ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការនាំចេញ ដែលកំពុងបន្ត និងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្ម ដែលបានត្រឡប់មកពីប្រទេសថៃវិញក្នុងឆមាសទីពីរនៃឆ្នាំនេះ។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕ អត្ថបទ៖ហ្សាលីន