អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស យល់ឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជាមានសន្ទុះកើនឡើង បន្ទាប់ពីមានការគាំទ្រផលិតផល និងសេវាកម្មក្នុងស្រុកមួយរយៈពេលចុងក្រោយនេះ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជួយបន្តគាំទ្រផលិតផលខ្មែរ។

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា រក្សាបានកំណើនប្រមាណជិត ៥% ក្នុងឆ្នាំ២០២៥នេះ។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា នាពេលខាងមុខ សេដ្ឋកិច្ចកម្ពុជាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា សួរ វីរៈ ក៏បានបង្ហាញការយល់ឃើញថាសេដ្ឋកិច្ចកម្ពុជាមានកំណើនផងដែរ។ អ្នកឧកញ៉ាអគ្គនាយក បានលើកឡើងបែបនេះថា៖ “កំណើនសេដ្ឋកិច្ចនៅកម្ពុជាមានសន្ទុះកើនឡើង បន្ទាប់ពីមានការគាំទ្រផលិតផល និងសេវាកម្មក្នុងស្រុកសូមបងប្អូនចូលរួមបន្តទៀត”។
សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសជិតខាងមួយចំនួន។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ផងដែរ៕





