អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា, សហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ និងក្រុមហ៊ុន សមាគមជាតិ អន្តរជាតិ ចូលរួមវេទិកាស្តីពីការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។

វេទិកានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ វេទិកានេះដែរ មានការអញ្ជើញចូលពីវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាពីសំណាក់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ពិសិដ្ឋ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមពីសភាពាណិជ្ជកម្មអាម៉េរិក (AmCham), សមាគមភស្តុភារកម្មកម្ពុជា (CLA), សមាគមសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC), សមាគមផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា ជើងសាគយ រួមជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីពីក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដែលមានសមាសភាពប្រមាណ ៣៤០រូប។
វេទិកាស្តីពីការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្ដិជាធរមាន ដល់វិនិយោគិនក្នុងវិស័យឧស្សាហកម្មកែច្នៃនាំចេញទៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់បទល្មើស បន្លំដើមកំណើតទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
គួរបញ្ជាក់ថា តាមរយៈវេទិកានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានប្ដេជ្ញារួមគ្នាដោះស្រាយបញ្ហានិងសំណូមពររបស់វិនិយោគិន ដើម្បីបង្ការនិងទប់ស្កាត់បទល្មើស បន្លំដើមកំណើតទំនិញរក្សាទីផ្សារសហរដ្ឋអាម៉េរិក និងទាក់ទាញការវិនិយោគ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងអនុលោមភាពតាមផ្លូវច្បាប់៕








