ថៅកែស្រី មានគោរមងារ «ឧកញ៉ា» បាននាំចូលសាច់ក្លាសេជាង ២៤៤តោន រួមទាំងការនាំចូលពីប្រទេសថៃ

ជុំវិញ​ឧកញ៉ា

ថៅកែនាំជង្គង់មាន់ ស្លាបមាន់ មកពីប្រទេសថៃ រាប់រយតោន មកលក់នៅរាជធានីភ្នំពេញ មិនមែនជាថៅកែធម្មតានោះទេ ប៉ុន្តែជាអ្នកជំនួញមួយរូប មានគោរមងារជា «ឧកញ៉ា» គឺ ឧកញ៉ា អុឹម សុផាន់ណារិទ្ធ ហើយមានស្វាមីជាឧត្ដមសេនីយ៍ទោ ស្នងការខេត្តជាយដែនដែលកំពុងមានជំលោះព្រំដែនជាមួយថៃ។ នេះបើតាមការបង្ហាញឱ្យដឹងពីសារព័ត៌មាន Pheng Vannak News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចចម្រុះរួមមានមន្រ្តីគយចល័តតំបន់១ មន្ត្រី កបប មន្ត្រីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ និងមន្រ្តីមូលដ្ឋាន បានចុះត្រួតពិនិត្យឃ្លាំងរបស់ ឧកញ៉ា អុឹម សុផាន់ណារិទ្ធ ហៅស្រីទូច ដែលនាំជង្គង់មាន់ ស្លាបមាន់ ជើងមាន់មកពីប្រទេសថៃ មានទីតាំងស្ថិតនៅ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

គោលបំណងត្រួតពិនិត្យផ្ដោតទៅលើការងារសំខាន់ ២គឺ ទី១ទំនិញនាំចូលនេះមានគុណភាពល្អត្រឹមត្រូវដែរឬទេ? ទី២ ទំនិញនាំចូលនេះមានបានបង់ពន្ធជូនរដ្ឋគ្រប់ចំនួនត្រឹមត្រូវដែរឬទេ? និយាយរួមគឺធ្វើដើម្បី សុវត្ថិភាពសុខភាពប្រជាពលរដ្ឋ និងចំណូលពន្ធចូលរដ្ឋ។

តាមប្រភពខាងលើ បានឱ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចចម្រុះរួមមានមន្រ្តីគយចល័តតំបន់១ មន្ត្រី ក.ប.ប ក្រសួងពាណិជ្ជកម្ម មន្រ្តីនគរបាលសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីមូលដ្ឋាន បានត្រួតពិនិត្យសាច់ក្លាសេរបស់ ឧកញ៉ា អុឹម សុផាន់ណារិទ្ធ ហៅចែទូច ចំនួន ២ទីតាំង នៅសង្កាត់ ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រកឃើញសាច់ក្លាសេ សរុបចំនួន៣មុខ សាច់មាន់ សាច់ទា សាច់ជ្រូក សរុបចំនួនជាង ២៤៤ តោន។

លទ្ធផលពិនិត្យ មន្ត្រីគយចល័តតំបន់ ១ អះអាងក្នុងកំណត់ហេតុថា ទំនិញទាំងអស់បានបង់ពន្ធគ្រប់ចំនួន។ ដោយឡែក មន្ត្រី ក.ប.ប ដែលជាមន្ត្រីជំនាញពិនិត្យគុណភាពបានបញ្ជាក់ប្រាប់បណ្ដោះអាសន្នថា សាច់ក្លាសេទាំងអស់គ្មានសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពទេ ប៉ុន្តែមន្ត្រី ក.ប.ប បានយកសំណាកសាច់ក្លាសេទាំងនោះទៅមន្ទីរពិសោធធំ ដើម្បីបញ្ជាក់គុណភាពច្បាស់លាស់ ត្រូវការពេល ២ថ្ងៃ ទើបដឹងលទ្ធផល៕