សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សង្ឃឹមថាជនជាតិថៃមួយចំនួនធំដែលបានចូលមើលនិងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួនដោយការទទួលខុសត្រូវ។

នៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន កាលយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៥ បានបញ្ជាក់ថា ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួនគិតត្រឹមម៉ោង៧និង៤៥នាទីល្ងាចនេះ(រយៈពេល៧ម៉ោង)មានមនុស្សចូលមើលចំនួន4,715,531នាក់ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន26.8%ប្រហាក់ប្រហែលជាង១លាននាក់បានចូលមើលដូចមានក្នុងតារាងជូនភ្ជាប់។
ទន្ទឹមគ្នានេះ សម្តេចធិបតី ខសង្ឃឹមថាជនជាតិថៃមួយចំនួនធំដែលបានចូលមើលនិងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួនដោយការទទួលខុសត្រូវព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលស៊ីវិល័យនិងអរិយធម៌ខ្ពង់ខ្ពស់គួរឱ្យគោរពនោះឡើយ។
សូមរម្លឹកថា តាមរយៈបណ្តាញសង្គមនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស៍ថា «នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ »
ដោយសម្តេចតេជោ ក៏បានក្រើនរំលឹកដល់ពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ ប្រសិនបើមិនចូលចិត្តថៃ ឬមានការឈឺចាប់ចំពោះថៃ សូមកុំទិញទំនិញថៃបន្តទៀតឲ្យសោះ មួយវិញទៀតសម្តេចក៏សូមឲ្យបងប្អូនឈប់ប្រើប្រាស់ប្រាក់បាតថៃ លើដីខ្មែរតទៅទៀតផងដែរ ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិខ្មែរ។
ការលើកឡើងរបស់សម្តេចតេជោនេះ ក្រោយទង្វើរបស់ទាហានថៃម្នាក់បានដាក់តាំងរូបភាពរបស់សម្តេច និងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា ដើម្បីបាញ់យករង្វាន់៕អត្ថបទ៖ហ្សាលីន



