ក្រុមហ៊ុនបិតាវិនិយោគ Warren Buffett គ្រោងជួលរោងចក្រធំមួយ នៅក្នុងប្រទេសវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋីលំដាប់កំពូលអាមេរិក Warren Buffett គ្រោងនឹងជួលរោងចក្រដ៏ធំមួយ ទំហំ ៦ ០០០ ម៉ែត្រការ៉េ នៅភាគខាងត្បូងប្រទេសវៀតណាម ដើម្បីអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Savills Vietnam បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Marmon Fastener ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Marmon Holding និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុនមេ Berkshire Hathaway នឹងជួលរោងចក្រ ក្នុងខេត្ត Dong Nai ប្រទេសវៀតណាម ដើម្បីផលិតវីស សម្រាប់ផ្គត់ផ្គង់ទីផ្សារអាមេរិកខាងជើងបន្ថែមទៀត។

យ៉ាងណាមិញ ជុំវិញការវិនិយោគដំបូងបំផុតរបស់ក្រុមហ៊ុន Marmon Holdings នៅក្នុងប្រទេសវៀតណាមនេះ បានកើតឡើង បន្ទាប់ពីមានការសិក្សាអស់រយៈពេលពីរឆ្នាំ ដើម្បីស្វែងរកទីតាំងដ៏ល្អបំផុត សម្រាប់ទីតាំងផលិតរបស់ខ្លួន។

ទន្ទឹមនឹងនេះ​ បើតាមប្រធានក្រុមហ៊ុន លោក Steve Semmler បាននិយាយថា ការជួលរោងចក្រដំបូងនៅក្នុងប្រទេសវៀតណាមនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន របស់លោក អាចប្រើប្រាស់កម្លាំងពលកម្មជំនាញរបស់វៀតណាម ក៏ដូចជាទទួលបានបរិយាកាសវិនិយោគមានស្ថិរភាព និងតម្លៃប្រកួតប្រជែង ផងដែរ។

លោក Steve Semmler បានបន្ថែមទៀតថា វាក៏ពង្រឹងសមត្ថភាពផលិតកម្មសកលរបស់ Marmon Holdings និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន នៅខាងក្រៅអាមេរិកខាងជើងផងដែរ។ Marmon Holdings គឺជាក្រុមហ៊ុនឧស្សាហកម្មចម្រុះដែលមានក្រុមហ៊ុនសមាជិកជាង ១០០ នៅក្នុងវិស័យជាច្រើន រួមទាំងការផលិតឧបករណ៍ឧស្សាហកម្ម គ្រឿងបន្លាស់ ការដឹកជញ្ជូន ម្ហូបអាហារ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕​