ក្រសួងរៀបចំដែនដី ដាក់ចេញសមរភូមិចំនួន៩ សម្រាប់ផែនទីអនុវត្តការងារ ដើម្បីបន្តមរតកសុខសន្តិភាពក្នុងសង្គមកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានដាក់ចេញ និងបានកំពុងអនុវត្តនូវសមរភូមិចំនួន ៩ ទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ការពារកុំឱ្យការបែកបាក់វិលត្រលប់មកវិញសម្រាប់ប្រជាជនតជំនាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញផ្តល់ការស្វែងយល់អំពីអភិបាលកិច្ច និងផែនការអនុវត្តការងារលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោយឈានទៅបញ្ចប់ការបង្កើតបរិយាកាសមិនមានវិវាទ ក្រសួងបានងាកមកការងាររៀបចំដែនដី និងនគរូបនីយកម្ម ដោយកសាងទីប្រជុំជន និងលំហសាធារណៈឱ្យមានជីវិត និងធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពកាន់តែប្រសើរ និងចូលរួមចំណែកកសាងខឿនសេដ្ឋកិច្ចកម្ពុជា ដើម្បីកម្ពុជាជាប្រទេសមានភាពរឹងមាំ រស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ។

សូមគូសបញ្ជាក់ថា សមរភូមិទាំង៩ របស់ក្រសួង ដ.ន.ស. រួមមាន៖
១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖ បន្តនិរន្តភាពការងារ និងដំណើរការស្ថាប័ន រក្សាស្មារតី និងសតិអារម្មណ៍ឱ្យបាននឹងនរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងកសាងបាននូវជំនឿ និងទំនុកចិត្តលើការដឹកនាំជារួម។
២. ការបង្កើតនូវបរិយាកាសគ្មានវិវាទ៖ ការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី សេវាគាប់ចិត្ត ការរក្សាអាយុជីវិតបឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាប-អង្គរ ការដោះស្រាយបញ្ហាចម្រូងចម្រាសតាមបុរី។
៣. ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការពង្រឹងសមត្ថភាពមន្ត្រី មូលដ្ឋានថវិកា និងហិរញ្ញវត្ថុ ប្រព័ន្ធលើកទឹកចិត្តមន្ត្រី ការងារអប់រំផ្សព្វផ្សាយ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង និងការរៀបចំគោលនយោបាយ ច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត។
៤. ការងាររៀបចំដែនដី និងនគរូបនីយកម្ម៖ ការកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ប្រជុំជន និងទីក្រុង ការកសាងទីប្រជុំជនជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ការរៀបចំរបៀង និងប៉ូលសេដ្ឋកិច្ច ការរៀបចំសួននិងលំហសាធារណៈ។
៥. កិច្ចការលំនៅឋាន៖ ការអភិវឌ្ឍ “លំនៅឋានតម្លៃសមរម្យ” មូលនិធិលំនៅឋាន សំណង់អគារចាស់ទ្រុឌទ្រោម សំណង់មិនរៀបរយ។
៦. គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច៖ ការបែងចែកដីធ្លី និងផ្ទះសម្បែង ការផ្តល់ពូជសត្វ និងដំណាំគ្រប់ប្រភេទ ការកសាងសហគមន៍ភាព និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ នាំចេញនៅហ្នឹងកន្លែង ភូមិមួយ ផលិតផលមួយ។
៧. ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា៖ វិស័យសំណង់ និងស្ថាបត្យកម្ម គិតគូរពីសុវត្ថិភាព គុណភាព និងសោភណភាព រចនាបទ និងការឌីសាញសហសម័យ ច្បាប់ស្តីពីសំណង់ ការកាត់បន្ថយហានិភ័យនិងគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យសំណង់ ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់និងស្ថាបត្យកម្ម។
៨. ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
៩. កម្ពុជារុងរឿង ដង្ហើមសេដ្ឋកិច្ច៖ ឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មគ្រឿងតុបតែងលម្អ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មហិរញ្ញវត្ថុនិងធនាគារ ឧស្សាហកម្មប្រាក់កម្ចី៕